កិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២
(ស្វាយរៀង): ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រវ៉ៃកូជំហានទី២នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ស្តុកទឹកប្រើប្រាស់ និងស្រោចស្រពដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិចតា។
ការថ្លែងបែបនេះដែលឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃកូជំហានទី២ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តទៀតថា កន្លងមក ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់សហការជាមួយអនុគណៈកម្មការខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលទូទាត់សំណងផលប៉ះពាល់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានចំនួន៤៦៣គ្រួសាររួចហើយ។ដោយឡែកមានប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃមិនព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កឱ្យមានការរាំងស្ទះដល់ការអនុវត្តគម្រោង។
ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវចុះណែនាំដល់ប្រជាពលរដ្ឋទាំង៤គ្រួសារឱ្យបានយល់ និងទទួលយកតាមការដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។
ទន្ទឹមនោះឯកឧត្តមបានដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការបង្ករលក្ខណៈគ្រប់បែបយ៉ាងដើម្បីដោះស្រាយចំពោះប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មុននិងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីក្រុមហ៊ុនអនុវត្តលើការងារសាងសង់តាមផែនការ និងធានាគុណភាព៕ ដោយ:33