កម្ពុជា-បង់ក្លាដែស សហការគ្នាក្នុងប្រតិបត្តិការនាំអង្ករកម្ពុជាចេញដើម្បីជម្រុញទីផ្សារកម្ពុជាបន្ថែម ទាំងថា្នក់តំបន់ និង អន្តរជាតិ !
មកដល់ពេលនេះភាគីកម្ពុជានិងបង់ក្លាដែសកំពុងរៀបចំយន្តការនិងលក្ខខណ្ឌត្រឹមត្រូវដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅរកការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសអាស៊ីខាងត្បូង! យោងតាមរបាយការណ៍បានឲ្យដឹងថាប្រទេសបង់ក្លាដែសធ្លាប់បាននាំចូលទំនិញពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសខ្លួនតែម្តងប៉ុណ្ណោះ ជាលជាង៥ឆ្នាំមុន។ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជាដែលមានស្ថានកុងស៊ុលនៅទីក្រុងបាងកកបានជួបពិភាក្សាការងារជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម Hye បានពន្យល់ប្រាប់បបន្ថែមជូនឯកឧត្តមរដ្ឋមន្រ្តី វែង សាខុន ថាប្រទេសបង់ក្លាដែស បានទទួលឯករាជ្យនៅឆ្នាំ ១៩៧១ តែនៅតែត្រូវការនាំចូលអង្ករពី១លានតោន ទៅ ១លាន៥សែនតោនជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនជាង១៦០លាននាក់បើទោះបីជាការដាំដុះស្រូវនៅក្នុងប្រទេសនេះត្រូវបានកំណត់ថាមានលក្ខណៈដាំដុះតាមរដូវកាលចំនួនបីក៏ដោយ។ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តម វែង សុខុន បានឆ្លើយតបទៅនឹងេកឧត្តម Hye ថា ប្រទេសកម្ពុជាមានស្បៀងជាង៦លានតោន ហើយបច្ចុប្បន្នកំពុងជំរុញឱ្យមានភាពប្រសើរឡើងនូវគុណភាពរួមជាមួយការវេចខ្ចប់ប្រកបដោយសុវត្ថិភាព និងការកែច្នៃប្រកបដោយសុវត្ថិភាពសម្រាប់ការនាំចេញ ដោយឯកឧត្តមបានបន្ថែមថា ព្រះរាជាណាចក្រកម្ពុជាមានលទ្ធភាពច្រើនជាងតម្រូវការអង្កររបស់ប្រទេសបង់ក្លាដែស។ ដើម្បីធានាបាននូវការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសបង់ក្លាដែសប្រកបដោយជោគជ័យឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជូនគណៈប្រតិភូនូវជម្រើសចម្បងចំនួនពីរសម្រាប់ពិនិត្យ និងពិចារណា។-ទីមួយគឺត្រូវធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាហៅកាត់ថា (CRF) ដែលជាស្ថាប័នឧស្សាហកម្មអង្ករកំពូល ក្រោមយន្តការដែលមានស្រាប់ ដែលជាស្ថាប័ន “មានសមត្ថភាព និងលទ្ធភាពផ្គត់ផ្គង់ទីផ្សារតាមការចង់បាន និងបំពេញតម្រូវការរបស់ភាគីបង់ក្លាដែស។ ទីពីរ តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺសម្រាប់អ្នកវិនិយោគបង់ក្លាដែសអាច បង្កើតឃ្លាំង ឬរោងម៉ាស៊ីនកិនស្រូវ ហើយទិញស្រូវដោយផ្ទាល់ពីសហករណ៍កសិកម្មជាង១០០០របស់កម្ពុជា ដើម្បីកែច្នៃរក្សាទុក ឬនាំចេញទៅបង់ក្លាដែស ឬចូលរួមដែលមានន័យថាធ្វើកសិកម្មតាមកិច្ចសន្យា ជាមួយកសិករខ្មែរ។សូមបញ្ជាក់ថាកិច្ចព្រមព្រៀងនាំអង្ករចេញរវាងកម្ពុជា-បង់ក្លាដែស គឺជាយន្តការជំរុញការនាំចេញអង្ករនាពេលខាងមុខ ហើយវាគឺជាដំណឹងល្អសម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជាចំពោះគំនិតផ្តួចផ្តើមថ្មីនេះ ដែលជាការលើកកម្ពស់ផ្នែកទីផ្សារ និងពង្រឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យកសិកម្ម ជាពិសេសលើវិស័យស្រូវ -អង្ករ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរកម្ពុជា-បង់ក្លាដែស៕