រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានគូសបញ្ជាក់ថាហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ ដឹកជញ្ជូនជនបទប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជន!
ក្រោយពីទទួលបានជំនួយហិរញ្ញប្បទានសហប្រតិបត្តិការៃនគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិន្និយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) នៅថ្ងៃនេះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង១១.០៨៥គីឡូម៉ែត្រ ទទឺងប្រវែង៧ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលពិធីនេះបានប្រព្រឹតទៅ នៅបរិវេណវត្តគោករំដួល ភូមិសុភី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២ ។នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានធ្វើរបាយការណ៍បញ្ជាក់ថានៅលើកំណាត់ផ្លូវនេះបំពាក់ដោយលូប្រអប់ចំនួន៣ កន្លែង លូមូលកាត់ទទឹងផ្លូវ ២៧ កន្លែង លូមូលកាត់ផ្លូវបំបែក ២៧ កន្លែង បំពាក់ស្លាកសញ្ញាចរាចរណ៍ ៧៨ កន្លែង មានគំនូសតាមអក្សផ្លូវ គំនូសឆ្លងកាត់ផ្លូវ ១ កន្លែង គ្រោងនឹងស្ថាបនារយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣ ដោយទទួលសាងសង់ដោយ ក្រុមហ៊ុន HENG SAMBAT Co.LTD , Import Export Transportation and Construction ក្នុងទឹកប្រាក់ចំនួន ១.៥៥១.០៦៣,២៨ ដុល្លារអាមេរិក ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍បញ្ជាក់ថា៖ នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដលឪកាសឲ្យមានលក្ខណៈពិសេសខុសប្លែកពីគម្រោងផ្សេងៗទៀតដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩ ។ ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូនជនបទ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅជនបទ និងធ្វើឲ្យតម្លៃនៃអចលនទ្រព្យកើនឡើងផងដែរ ជាមួយនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បាន សំណូមពរដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវឲលយ ចូលរួមសហការជាមួយក្រុមហ៊ុនស្ថាបនា និងចូលរួម ថែរក្សាផ្លូវនេះឲ្យបានល្អនៅពេលស្ថាបនារួចដើម្បីប្រើប្រាស់បានយូរអង្វែង។ សូមបញ្ជាក់ផងដែរថា៖ គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានចាប់ផ្ដើអនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕