សម្តេចតេជោ ហ៊ុន សែន បង្ហាញពីក្តីសង្ឃឹមចំពោះការិយាល័យពាណិជ្ជកម្មតួកគី នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត!
ក្នុងឱកាសដ៏សោនស្សរីករាយដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រីអនុញាតិឱ្យ លោកជំទាវ Ulku Kocaefe ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ឱ្យលោកជំទាវ Ulku Kocaefe ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៥។ លោកជំទាវ Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តមប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ និងបានគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីកនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង។ ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក។ លោកជំទាវ Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូចនេះ លោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំនិងស៊ីជំរៅថែមទៀត។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ជូនចំពោះលោកជំទាវ Ulku Kocaefe ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរសម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោកជំទាវផងដែរ ដែលបាននាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេច ហើយសម្ដេចបានយល់ស្របជាមួយលោកជំទាវ ដែលថាប្រទេសយើងទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្វាគមន៍ការិយាល័យពាណិជ្ជកម្ម នៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕