វ៉ាក់សាំងប្រភេទ Pfizer ជាង២៨ម៉ឺនដូសសម្រាប់ចាក់ដល់ក្រុមកុមារ ដែលជាជំនួយរបស់ប្រទសអូស្រ្តាលី បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ!
វ៉ាក់សាំងគឺជាអាវក្រោះដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសកលមួយនេះដែរ ហើយនៅថ្ងៃសុក្រទី២៦ខែសីហាវត្តមានរបស់លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកទទួលបន្ទុកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និង ក្រុមការងារបានអញ្ជើញទៅទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាសម្រាប់ចាក់ជូនប្រភេទក្រុមកុមារ។ កន្លងទៅក៏ដូចជាបច្ចុប្បន្នដែរសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាអគ្គមេបញ្ជាការកំពូលក្នុងការធ្វើសង្គ្រាមជាមួយមេរោគកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យកម្ពុជាមានសុវត្ថិភាព អាចបើកប្រទេសឡើងវិញបាន និង អាចមានលទ្ធភាពពេញលេញរៀបចំកិច្ចប្រជុំកំពូលនានាផងដែរ។ កម្ពុជាជាប្រទេសមានភ័ព្វសំណាងល្អទាំងការដឹកនាំ និង ភាពយល់ដឹងរបស់ប្រជាជនកម្ពុជាបានទៅទទួលការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ និងបានច្រើនដូសជម្រុញទៀតផង។ មកដល់ពេលនេះយើងអាចនិយាយបានថាអូស្ត្រាលី ជាប្រទេសមួយដែលបានផ្តល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជាដោយកាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦ ៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ នេះសរបញ្ជាក់ឲ្យឃើញថាការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩តាមយុទ្ធសាស្ត្រផ្ការីក។ យោងតាមរបាយការណ៍និងបញ្ជាក់បន្ថែមពីលោកជំទាវ យក់ សម្បត្តិ បានឲ្យដឹងថាមកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់ ហើយគិតរហូតមកដល់ពេលនេះកម្ពុជា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧៤លានដូស ហើយនៅសល់ក្តុងឃ្លាំងចំនួនជាង ៧លានដូស។ បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំនៅតែបន្តប្រកាន់យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺកូវីដ១៩មិនទាន់រលាយបាត់ពីភពផែនដីយើងនេះទេ៕