សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យសមាជិកសភាអាមេរិកចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ស្តីអំពីការពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំង២លើវិស័យ ពាណិជ្ជកម្ម ការវិនិយោគ និង ការអប់រំផងដែរ
ភ្នំពេញៈ ស្ថិតក្នុងជំនួបសម្តែងការគួរសមរបស់លោកជំទាវ អេលីហ្សាបែត វ៉ាន់ដាញ (Elizabeth Van Duyn) តំណាងរាស្រ្តគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២ពីវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្រ្តីនេះ លោកជំទាវបានបញ្ជា់ជូនសម្តេចតេជោថា៖ ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងប្រតិភូមកកាន់កម្ពុជានាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង តាមរយៈសក្តានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ក្រៅពីបានសម្តែងការគួរសមចំពោះសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយ លោកជំទាវ អេលីហ្សាបែត វ៉ាន់ដាញ បានសម្តែងការគោរពដោយស្មោះស្មគ្រ័ជូនចំពោះសម្តេចតេជោនូវកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត ការតស៊ូរបស់សម្តេចតេជោនាំជូនដល់ប្រជាពលរដ្ឋកម្ពុជា នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកជំទាវពិតជាមានមោទនភាពចំពោះប្រទេសកម្ពុជា ដែលមានថ្នាក់ដឹកនាំកំពូលប្រកបដោយភាពឈ្លាសវៃ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងដ៏កម្រនៃគោលដៅអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ។ ជាការឆ្លើយតបប្រកបដោយក្តីរីករាយ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូនលោកជំទាវ និងប្រតិភូទាំងមូលអំពី ប្រវត្តិរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិកប្រកបដោយផ្លែផ្កាយ៉ាងត្រចះត្រចង់ថែមទៀតផង។ ជាពិសេសសម្តេចតេជោបានឯកភាពជាមួយ លោកជំទាវ អេលីហ្សាបែត វ៉ាន់ដាញ ដែលថាយើងនាំគ្នាសម្លឹងទៅមុខ ក្តាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង៕