កម្ពុជានឹងដំណើរការសាងសង់រោងចក្រច្រក និង វេចខ្ចប់វ៉ាក់សាំងការពារវីរុសកូវីដ១៩ នាពេលខាងមុខ

យុទ្ធសាស្រ្តប្រែក្លាយវិបត្តិទៅជាឱកាសគឺជាភាពវៃឆ្លាតនិងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ជាពិសេសការជម្រុញវិស័យសុខាភិបាល ឲ្យកាន់ខ្លាំងក្លានិងមានប្រសិទ្ធិភាព។ ថ្មីៗនេះយោងតាមគេហទំព័ររបស់ក្រសួងសុខាភិបាលកម្ពុជាបានបង្ហាញពីវត្តមានរបស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់រោងចក្រច្រក និង វេចខ្ចប់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល នៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ដែលគម្រោងនេះបង្កើតបង្កើតឡើងដោយមានការសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់សាធារណៈរដ្ឋប្រជាមានិតចិន ដោយមានទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក ហើយនឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវការនាខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រ ដោយមានអគារសម្រាប់ផលិត អគាររក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់បុគ្គលិកផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យបានបញ្ជាក់ថារោងចក្រនេះ គឺធ្វើឡើងសម្រាប់បម្រើឲ្យការងារច្រកនិងវេចខ្ចប់វ៉ាក់សាំងប្រភេទ Sinovac ដែលនឹងដឹកមកពីប្រទេសចិន ហើយរោងចក្រនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់ដំណើរការច្រកនិងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ ២០២៤ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង