កម្ពុជាជាប្រទេសតូចប៉ុន្តែជាប្រទេសបើកចំហរសេដ្ឋកិច្ចដោយសេរីលើគ្រប់វិស័យសម្រាប់វិនិយោគិនបរទេស និង គោរពតាមគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាដែរ
ភ្នំពេញៈ ដើម្បីស្វែងយល់អំពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីទទួលបានព័ត៌មាននិងស្ថានការពិតជាក់ស្តែងនៃការអភិវឌ្ឍនៅកម្ពុជាជាពិសេសដើម្បីជំរុញឱ្យទំនាក់ទំនង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិកឱ្យកាន់តែប្រសើរឡើងដែរ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជំនួបដ៏មានអត្ថន័យរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកជំទាវ Carol Miller ព្រមទាំង គណៈប្រតិភូសមាជិកសភាអាមេរិកជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាងបីលាននាក់ ដែលក្នុងនោះនិស្សិត និងបញ្ញវន្ត ត្រូវបានសម្លាប់ចោល ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់ប្រទេសត្រូវបានបំផ្លិចបំផ្លាញ គ្មានវេជ្ជបណ្ឌិត និងគ្មានគ្រូបង្រៀន សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ។ ក្រោយការដួលរំលំរបបប៉ុល ពត រាជរដ្ឋាភិបាល កម្ពុជា បានចាប់ផ្តើមស្តារ និងកសាងប្រទេសជាតិពីបាតដៃទទេរឱ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើ គ្រប់វិស័យ និងបានគូសបញ្ជាក់ពីដំណើរការធ្វើសេចក្តីព្រាងច្បាប់វិនិយោគរបស់កម្ពុជា ដែលជាច្បាប់ មួយមានលក្ខណៈសេរីបំផុតនៅក្នុងតំបន់អាស៊ាន ពោលគឺ៖ ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាជា ប្រទេសបើកចំហរសេដ្ឋកិច្ចដោយសេរី កម្ពុជាត្រូវការគាំទ្រគ្រប់បែបយ៉ាង រួមទាំងការគាំទ្រផ្នែកធនធាន ហិរញ្ញវត្ថុ ចំណេះដឹង និងចំណេះធ្វើ ដើម្បីទាក់ទាញវិនិយោគពីបរទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះរួមមាន៖ ការកើនឡើងអាយុសង្ឃឹមរស់ (Life Expectancy) របស់ប្រជាជនកម្ពុជារយៈពេល ១៤ឆ្នាំបន្ថែមទៀត ប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅដោយសារ កម្ពុជាមានការរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះ ទៅកាន់មន្ទីរពេទ្យដើម្បី ស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាត អត្រានៃភាពក្រីក្របានថយចុះនៅក្រោម១០%មុនពេលមានវិបត្តិ កូវីដ-១៩ ការពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញដើម្បីបម្រើ សេវាដឹកជញ្ជូននាំចូល នាំចេញទៅក្រៅប្រទេស។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ ជំនួបនេះគឺជាដំណើរទស្សនកិច្ចមួយដែល អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេស កម្ពុជាលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គម ជាពិសេស បានឃើញជាក់ស្ដែងនូវជីវភាពរស់ នៅសំបូរសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ខុសពីអ្វីដែលបានលើកឡើងដោយមតិជំទាស់មួយចំនួនឡើយ៕