សម្តេចក្រឡាហោម ស ខេង៖រយៈពេល៥៥ឆ្នាំដែលសមាជិកអាស៊ានខិតខំរក្សាបាននូវ “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” គឺពិតជាមានតម្លៃរកអ្វីប្រៀបផ្ទឹមពុំបាន!
ភ្នំពេញៈ រយៈពេល៥៥មកឆ្នាំហើយដែលសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានដំណើរការដោយឈរលើស្មារតីស្នូល “ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍តែមួយ”។ សន្តិភាពនិងស្ថេរភាពដែលអាស៊ានទទួលបាន អស់រយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកនេះ បានធ្វើឲ្យអាស៊ានក្លាយជាតំបន់មានការរីក ចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសម្រេចបាននូវកំណើន និងការអភិវឌ្ឍខ្ពស់ ដោយបានរួមចំណែកកែលម្អជាលំដាប់នូវសុខមាលភាពរបស់ប្រជាពលរដ្ឋ នេះជាប្រសាសន៍លើកឡើងដ៏មានអត្ថន័យក្នុងនាមជាអ្នកតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នៃបណ្តាញ ទីក្រុងឆ្លាតអាស៊ានតាមរយៈ ប្រព័ន្ធវីដេអូ នាទីស្តីការក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថានៅក្នុងឱកាសស្វាគមន៍គណៈប្រតិភូកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ សម្តេចអគ្គមហាសេនាបតី ជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងនូវគំនិតផ្ដួចផ្ដើមចំនួនពីរ ដែលមានសារៈសំខាន់សម្រាប់ បណ្តាញទីក្រុងឆ្លាតអាស៊ាន។ គំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាម កំហែងដល់ភាពរស់រាននៃជីវិតក្នុងតំបន់ និងក្នុងពិភពលោក ដែលបង្កឡើងដោយការ ប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ ក្នុងគំនិតផ្តួចផ្តើមទីមួយនេះ បណ្តាញទីក្រុងឆ្លាតអាស៊ាន និងបណ្តាទីក្រុងនានានៃបណ្តាប្រទេសអាស៊ាន នឹងដើរតួ នាទីយ៉ាងសំខាន់ក្នុងការរួមចំណែកប្រែក្លាយតំបន់របស់យើង ទៅកាន់អនាគតបៃតងដែល មានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែង ក្នុងផ្នែកសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្តារនិងងើប ឡើងវិញចេញពីផល ប៉ះពាល់នៃជំងឺកូវី ១៩ ប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះបណ្តាក្រុងនានានៃបណ្តាប្រទេសអាស៊ាន ក៏ត្រូវបានទទួលស្គាល់ថាបានបំពេញតួនាទី យ៉ាងសំខាន់ផងដែរក្នុងការរួមចំណែកសមសម្រេចកិច្ចការនេះ ដែលកន្លងមកទីក្រុងក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិផ្សេងទៀតដែរ បានបំពេញកិច្ចការយ៉ាងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និងបានអន្តរាគមន៍ទាន់ពេលវេលា ក្នុងការដោះស្រាយបញ្ហានានាដោយបង្កដោយជំងឺនេះ ។ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេននៃបណ្តាញទីក្រុងឆ្លាតអាស៊ាន សម្តេចក្រឡាហោមស ខេង បានវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្ដល់នូវការគាំទ្រ និងកិច្ចសហការដល់កម្ពុជាពីសំណាក់អគ្គលេខាធិការដ្ឋានអាស៊ាន ដៃគូសន្ទនារបស់អាស៊ាន (External Partner) និងបណ្តាប្រទេសទាំង១០របស់អាស៊ាន ដែលបានរួមគ្នាក្នុងការសម្រេចកិច្ចការក្នុងស្មារតីស្នូលរបស់អាស៊ាន ចក្ខុវិស័យមួយ អត្តសញ្ញណមួយ និងសហគមន៍តែមួយ”ថែមទៀតផង៕