ក្រសួងបរិស្ថានចូលរួមបញ្ជ្រៀបចំណេះដឹងស្តីអំពីការទុកដាក់សម្រាម និង សំណល់រឹង ដល់ប្រជាពលរដ្ឋចំនួន១០០០គ្រួសារ ដែលស្ថិតក្នុងភូមិអូរតាសេក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ!

ព្រះសីហនុៈ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា « សុខទុក្ខប្រជាពលរដ្ឋយើងគឺជាក្ដីកង្វល់របស់ថ្នាក់ដឹកនាំយើង» ដូច្នេះការជួបជុំជាមួយបងប្អូនប្រជាពលរដ្ឋនៅពេលនេះគឺធ្វើឡើង ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីស្ថានភាព សម្រាប់ប្រមូលទិន្នន័យ ជាមូលដ្ឋានក្នុងការគិតគូរលើការលើកកម្ពស់សុខមាលភាព និងជីវភាពដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ ដែលរស់នៅក្នុង និងក្រៅទីលានទុកដាក់សំរាម និង សំណល់រឹង។ លើសពីនេះទៅទៀត ក្រុមការងារស្ត្រីក៏ចង់សិក្សាស្វែងយល់ពីតម្រូវការ និង បញ្ហាប្រឈមចម្បងៗរបស់បងប្អូនជាស្រ្តី និងកុមារ ដើម្បីរួមគ្នាដោះស្រាយ ធ្វើយ៉ាងណាឱ្យជីវភាព និងសុខមាលភាពរបស់គាត់កាន់តែប្រសើរឡើង នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រផ្លូវការបស់ក្រសួងបរិស្ថាន។ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ក្រុមការងារស្ត្រីក្រសួងបរិស្ថាន និងក្រុមការងារជំនាញ រួមមានលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង  មន្ទីរ ស្ថាប័ន និងអាជ្ញាធរដែនដី បានបង្ហាញជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនិងក្រៅទីលានស្តីអំពីការទុកដាក់សំរាម សំណល់រឹង ចំនួន១០០គ្រួសារ (នៅក្នុងទីលាន២៦គ្រួសារនិងក្រៅទីលាន៦៩គ្រួសារ ផ្សេងៗ៥គ្រួសារ) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រកបដោយភាពស្និតស្នាល និង ការបញ្ជ្រៀបចំណេះដឹងស្តីអំពីបរិស្ថាន គឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកយើងម្នាក់ៗ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធាននិងក្រុមការងារបាននាំយកអំណោយរបស់ក្រសួងបរិស្ថាន ដែលក្នុងនោះមាន អង្ករចំនួន ១០០០kg មុងចំនួន១០០ សាប៊ូចំនួន៣កេសស្មើនឹង៤៣២ដុំ ម៉ាស់១កេស ស្មើនឹង៥០ប្រអប់  ចែកជូនដល់គ្រួសារ កំពុងរស់នៅក្នុង និងក្រៅទីលានទុកដាក់សំរាម សំណល់រឹងចំនួន ១០០គ្រួសារ និងបាននាំយកសម្ភារសិក្សាចែកជូនកុមារចំនួន១០០នាក់ រួមមាន៖ សៀវភៅចំនួន៥០០ក្បាល ប៊ិចចំនួន ៥០០ដើម ឈុតខ្មៅដៃ១០០ឈុត និង បន្ទាត់១០០ឈុត ផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានរៀបចំជាផ្ទះស្នាក់នៅថ្មី ផ្ដល់ធុងទឹកចម្រុះសម្រាប់បរិភោគ និងបានជីកអណ្ដូងស្នប់ទឹកស្អាត សម្រាប់ប្រើប្រាស់ ជាប្រចាំថ្ងៃ៕

 

អត្ថបទដែលជាប់ទាក់ទង