សម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្រុកកំពង់រោទិ៍

(ស្វាយរៀង): ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានស្នើរដល់មន្រ្តី និងបុគ្គលិកបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ ត្រូវមានអាកប្បកិរិយា ទន់ភ្លន់ សាមញ្ញ រួសរាយ រាក់ទាក់ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ស័ក្ដិសមជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋ ។ ហើយរដ្ឋបាលស្រុកត្រូវមានយន្តការត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលទាំងនេះ ដំណើរការប្រកបដោយតម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់។​

មានប្រសាសន៍ថ្លែងបែបនេះ នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី១ ខែកញ្ញាឆ្នាំ២០២២ ដែលឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកកំពង់រោទិ៍ ស្ថិតនៅបរិវេណសាលាស្រុកកំពង់រោទិ៍។

ទន្ទឹមនេះ​ឯកឧត្តមអភិបាលបាលខេត្ត បានផ្ដាំផ្ញើរដល់មន្ទីរជំនាញពាក់ព័ន្ធ សូមបន្តខិតខំជំរុញ និងសម្របសម្រួលដើម្បីពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុករួមទាំងការគាំទ្រខាងបច្ចេកទេស និងការកសាងសមត្ថភាពដល់ការផ្តល់សេវាទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះ​មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវចូលរួមជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋដែលមានមូលដ្ឋាននៅក្នុងស្រុកកំពង់រោទិ៍ មកទទួលសេវា តាមរយៈការិយាល័យច្រកចេញចូលតែមួយស្រុក ដោយមិនត្រូវទទួលពាក្យស្នើសុំសេវានៅមន្ទីរបន្តទៀតនោះទេ បន្ទាប់ពីការិយាល័យនេះបានបើកឲ្យដំណើរការជាផ្លូវការនាពេលនេះ​។

ឯកឧត្តមបានបន្តថា​ ដោយបច្ចុប្បន្នករណីជំងឺកូវីដ-១៩ នៅតែជាបញ្ហាប្រឈមនៅឡើយ ហើយការិយាល័យច្រកចេញតែមួយរបស់យើង ជាកន្លែងផ្ដល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដូច្នេះ រដ្ឋបាលស្រុក ត្រូវចាត់ចែងរៀបចំឲ្យមានជែល ឬអាល់កុល និងម៉ាស សម្រាប់មន្ត្រីរាជការបម្រើការងារក្នុងការិយាល័យច្រកចេញចូលតែមួយប្រើប្រាស់ និងណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស និងលាងដៃពេលចេញចូលទទួលសេវានៅក្នុងការិយាល័យច្រក ។

ជាចុងបញ្ចប់​ ឯកឧត្តមអភិបាលខេត្តបានស្នើដល់រដ្ឋបាលស្រុក និងឃុំ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងកិច្ចការដឹកនាំការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងជំរុញដឹកនាំការងារចាក់វ៉ាក់សាំងឲ្យបានកាន់តែសកម្មថែមទៀត ស្របតាម ការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល និងក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តមានការប្រុងប្រយ័ត្ន កុំឲ្យមានការធ្វេសប្រហែស ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ ៣កុំ និងអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញ(ទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា​។

ឯកឧត្តមបានក្រេីនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ជាពិសេសការបេីកបរពេលធ្វេីដំណេីរត្រូវមានការប្រុងប្រយ័ត្ន​ខ្ពស់​ និងធ្វេីការអប់រំណែនាំកូនចៅជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងដែលជាកត្តាបង្ករគ្រោះថ្នាក់ដល់គ្រួសារ​ និងសង្គមជាតិយេីង៕ ដោយ:ភក្ដី

អត្ថបទដែលជាប់ទាក់ទង