ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលើកឡើង នូវចំណុចគន្លឺះ៤សំខាន់ៗក្នុងកិច្ចការងារផ្លាស់ប្តូរមុខតំណែង និង ភារកិច្ចមន្រ្តីក្រោមឱវាទ!
ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ទាំងនេះគឺជាប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុងអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ជូនចំពោះលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល ត្រូវបានផ្លាស់ប្តូរមុខតំណែងជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែតាំង លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ជំនួសវិញ។ មិនតែប៉ុណ្ណោះឯកឧត្តម នាយឧត្តមសេនីយ៍មានប្រសាសន៍បន្តថាការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាយ៉ាងសំខាន់ៗគឺ ១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន ២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ ៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន ៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។ ហើយលក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិគឺ សុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន។ ហើយនៅចំពោះមុខមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹងនិងអនុវត្ត ៧ចំណុច រួមមានហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក, ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប៕