សាធារណៈជនជាសិស្ស-និស្សិត អ្នកជំនួញ មន្រ្តីរាជការ បានមកទទូលយកសៀវភៅកត់ត្រាប្រវត្តិសាស្ត្រ ជំនាន់ថ្មីដែលមានចំណងជើងថា “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន- ហ៊ុន ម៉ាណែត”
សៀវភៅបោះពុម្ពថ្មីដែលមានចំណងជើងថា៖ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ដែលជាស្នាដៃនិពន្ធរបស់ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានប្រារព្ធពិធីចែកចាយជូនដោយឥតគិតថ្លៃនៅខាងមុខបណ្ណាល័យ ហ៊ុន សែន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនសិស្ស-និស្សិត និងសាធារណជនបានអាននិងស្វែងយល់បន្ថែមអំពីគោលដៅដ៏ច្បាស់ លាស់នៃបុត្រាច្បងសម្តេចតេជោនាយកដ្ឋមន្រ្តីនិងសម្តេចគិតិព្រឹត្តិបណ្ឌិត។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃកម្មវិធីផ្តល់សៀវភៅដោយឥតគិតថ្លៃដែលជាស្នាដៃនិពន្ធរបស់អ្នកកាសែត ជើងចាស់ខាងសិក្សាស្រាវជ្រាវផ្នែនយោបាយ និង ប្រវត្តិសាស្រ្តនៅពេលនេះ គឺជាសកម្មភាពដ៏ប្រពៃដែលមិនអាចកាត់ថ្លៃបាន ជូនដល់ប្រជាពលរដ្ឋដែលមកទទួលសៀវភៅនេះ ភាគច្រើនជាសិស្ស និស្សិត និងមន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលទទួលបានព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ សូមជម្រាបជូនថា សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ត្រូវបានបោះពុម្ពលើកទី១ ចំនួន២ម៉ឺនច្បាប់ ដែលជាជំនួយស្មារតី និងក៏ជាសៀវភៅប្រវត្តិសាស្ត្រមួយផងដែរ សម្រាប់មិត្តអ្នកអានជំនាន់ចាស់ថ្មី។ ផ្តើមចេញពីសៀវភៅ បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ឯកឧត្តម ឆាយ សុផល ដែលជាអ្នកចងក្រងសៀវភៅ បានផ្តោតលើប្រវត្តិមួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី ជាកូនប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺសៀវភៅនេះ ឯកឧត្តម ឆាយ សុផល បានសម្រួចយក តែប្រវត្តិរបស់ឯកឧត្តម ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
នៅក្នុងសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” គឺមានចំណុចខ្លះដូចគ្នានៅក្នុងសៀវភៅ បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន ដែរ ប៉ុន្តែឯកឧត្តម ឆាយ សុផល បានធ្វើបច្ចុប្បន្នភាព ដោយបន្ថែមព័ត៌មានដែលឯកឧត្តម ឆាយ សុផល ទទួលបានពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសកម្មភាព និងព្រឹត្តិការណ៍ថ្មីៗ ទាក់ទិននឹងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕