អាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់ខុសច្បាប់នៅក្នុងតំបន់ឧទ្យានអង្គរ!

សៀមរាបៈ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានកើតមានកន្លងមក ក្នុងពេលអនុវត្តការងារចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អង្គភាពនគរបាលការពារបេតិកភណ្ឌ ព្រមទាំងក្រុមការងារបច្ចេកទេស មកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថាៈ នាពេលកន្លងទៅ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

អ្វីដែលជាការកត់សម្គាល់ ជុំវិញ​ការដោះស្រាយផលប៉ះពាល់ដីធ្លី និងសំណង់ខុសច្បាប់នៅក្នុងតំបន់ឧទ្យានអង្គរ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ចំនួនប្រមាណ ៩០ គ្រួសារបន្ថែមទៀត បានទៅចាប់ឆ្នោតជ្រើលសរើសដីឡូតិ៍នៅតំបន់រុនតាឯក ធ្វើឡើងនៅសាលាខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គួររំលឹកផងដែរថា កន្លងទៅក៏មានពលរដ្ឋស្ម័គ្រចិត្ត និងគ្រប់លក្ខខណ្ឌ ជាង៩០០គ្រួសារហើយ ដែលបានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯកនេះ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង