អនុរដ្ឋមន្ត្រីក្រសួងការបរទេសទី១នៃសាធារណៈរដ្ឋគុយបា កោតសរសើរកម្ពុជាសម្រាប់ការ ដោះស្រាយបញ្ហាប្រឈមនានាក្នុងនាមជាប្រធានអាស៊ានបែប “ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»
ស្ថិតក្នុងដំណើរទស្សនកិច្ចផ្លូវការយៈពេល២ថ្ងៃនៅព្រះរាជាណចក្រកម្ពុជា ឯកឧត្តម Gerardo Peñalver Portal អនុរដ្ឋមន្ត្រីក្រសួងការបរទេសទី១នៃសាធារណៈរដ្ឋគុយបា បានបង្ហាញពីភាពសុទិដ្ឋិនិយម របស់ឯកឧត្តមចំពោះភាពរីកចម្រើនរបស់កម្ពុជាសឹងតែលើគ្រប់វិស័យនៅចំពោះមុខឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ យោងតាមសេចក្តីប្រកាសដែល បានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបរទេស ឲ្យដឹងថាក្រោយពីជំនួបនៃកិច្ចពិភាក្សាដែលធ្វើឡើងរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Gerardo Peñalver Portal អនុរដ្ឋមន្ត្រីក្រសួងការបរទេសទី១នៃសាធារណៈរដ្ឋគុយបាគឺភាគីគុយបាបានវាយតម្លៃខ្ពស់ អំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និង កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អជាពិសេសលើវិស័យសុខាភិបាល អប់រំ និងកីឡា ហើយបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការលើកកម្ពស់របស់ពួកគេ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការ ផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីដែលនៅមានទំហំតូចនៅឡើយព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ រវាងប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខនេះរិះរកវិធីនិងមធ្យោបាយនានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការវិនិយោគបន្ថែមទៀត។ បន្តមកឯកឧត្តម Gerardo Penalver Portal បានកោតសរសើរចំពោះ ជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឆ្លើយតបដោយសម្តែងនូវចំណាប់អារម្មណ៍ចំពោះ កម្លាំងសេដ្ឋកិច្ច របស់ប្រទេសគុយបា។ ទាំង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ រវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Gerardo Penalver Portal ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងគុយបា ផងដែរ និងបានកត់សម្គាល់ដោយក្តីរីករាយចំពោះការចូលរួម របស់គុយបាក្នុងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅឆ្នាំ ២០២០។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជំរាបជូនភ្ញៀវអំពីបញ្ហាក្តៅ និងការប្រឈមនានាដែលកម្ពុជាបាននិងកំពុង ប្រឈមក្នុងនាមប្រធានអាស៊ានប្តូរវេន។ ឯកឧត្តម Gerardo Penalver Portal បានអបអរសាទរចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរកម្ពុជាសម្រាប់ ការដោះស្រាយការប្រឈម ទាំងនោះជាមួយនឹង “ការទូតដ៏ប៉ិនប្រសប់ និងភាពឈ្លាសវៃ»។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសទី១ Gerardo Peñalver Portal ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហា តំបន់និងអន្តរជាតិមួយចំនួនដែលជា ចំណាប់អារម្មណ៍រួម និងមានការប្ដេជ្ញាចិត្តរួមគ្នា បន្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕