ឆ្នាំ២០២២នេះរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ
សិក្ខាសាលារយៈពេល៥ថ្ងៃស្តីអំពី “រដ្ឋាភិបាលឌីជីថល និងឌីជីថលនីយកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវឌ្ឍនភាពនៃឌីជីថល ភាវូបនីយកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈសំដៅផ្តល់ឱកាសឱ្យអ្នកចូលរួមបានយល់ដឹងពីសញ្ញាណថ្មីៗពាក់ព័ន្ធនឹងឌីជីថលនីយកម្មក្នុង ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការលេចឡើងនូវរដ្ឋាភិបាលឌីជីថល និងផលប៉ះពាល់ នៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើននិងដើម្បីផ្តល់ការទ្រទ្រង់ដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព បានប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការតំណាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមគណៈអធិបតីបានគូសបញ្ជាក់ថាបច្ចុប្បន្នស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក្នុងក្របខណ្ឌសកលបានធូរស្បើយ ហើយកំណើនសេដ្ឋកិច្ចសកល ត្រូវបានរពឹងថា នឹងបន្តងើបឡើងវិញ ឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃតម្រូវការសកលទាំងទំនិញ និងសេវា លំហូរវិនិយោគ និងការធ្វើដំណើរទាំងសម្រាប់គោលបំណងដើរកម្សាន្តនិងធុរកិច្ច ។ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចសកល និងតំបន់នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់នៅឡើយ ដែលរួមមាន ទី១). អត្រាអតិផរណាខ្ពស់ ទី២). សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបង្កផលប៉ះពាល់ដល់ថ្លៃទំនិញសកល រំហូរពាណិជ្ជកម្មនិងវិនិយោគសកល ក៏ដូចជាស្ថានភាពហិរញ្ញវត្ថុ ទី៣). ការឡើងថ្លៃប្រាក់ដុល្លារអាមេរិក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ របស់បណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន ដែលធ្វើឱ្យអត្រាការប្រាក់សកលបន្តកើនឡើង និងទី៤). ការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន។ ប៉ុន្តែសម្រាប់កម្ពុជា បន្ទាប់ពីបានបើកប្រទេសវិញទាំងស្រុងនៅខែវិច្ឆិកា ឆ្នាំ២០២១ សេដ្ឋកិច្ចត្រូវបានវាយតម្លៃថានឹងបន្តឈានទៅរកវិថីកំណើន ឡើងវិញដោយសារការសម្រេចបាននូវភាពស៊ាំសហគមន៍កម្រិតខ្ពស់ ក៏ដូចជាការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ និងអាជីវកម្ម។ ចន្ទល់សេដ្ឋកិច្ចស្ទើរគ្រប់វិស័យត្រូវបានរំពឹងថានឹងមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ដោយសារនិន្នាការល្អប្រសើរនៃតម្រូវការសកលនិងការបន្ត ដាក់ចេញគោលនយោបាយសេដ្ឋកិច្ចសង្គម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ កម្ពុជាដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយតំបន់និងសកល កំពុងតែជួបប្រទះនឹងហានិភ័យ និងភាពមិនប្រាកដប្រជាពីខាងក្រៅដូចបានគូសបញ្ជាក់ខាងលើ គួបផ្សំនឹងបញ្ហាប្រឈមក្នុងស្រុកដែលកាន់តែស្មុគស្មាញជាងមុន។កត្តាទាំងនេះតម្រូវឲ្យយើងត្រូវបន្តដោះស្រាយបញ្ហាជាដែលរ៉ាំរ៉ៃនានាហើយបន្តពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តវិធានការដែលបានដាក់ចេញដើម្បី លើកកម្ពស់ភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាពិសេសតាមរយៈការជំរុញ និងលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថលក្នុងគ្រប់វិស័យ រាប់ទាំងវិស័យហិរញ្ញវត្ថុសាធារណៈផងដែរ។ក្នុងឆ្នាំ២០២២នេះរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធអភិបាលកិច្ចរបស់វិស័យសាធារណៈ,ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, សំដៅកសាងរដ្ឋាភិបាលរឹងមាំ ឆ្លាត និង ស្អាតស្អំ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ថែមទៀតផង៕