ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំលែងកូនត្រីពូជ ប្រមាណ ១០ម៉ឺនក្បាល និងដាំដើមឈើ នៅក្នុងតំបន់អាងទឹកថ្មដាទឹកឆា ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ

កំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹក មន្ត្រី រាជការ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន លែងកូនត្រីពូជប្រមាណ ១០ម៉ឺនក្បាល និងដាំកូនឈើ នៅតំបន់អាងទឹកថ្មដាទឹកឆា ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ដើម្បី អបអរសាទរ ទិវាមច្ឆជាតិ ០១ កក្កដា នាឆ្នាំ២០២២ នេះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម មានប្រសាសន៍រំលឹកថា ជារៀងរាល់ឆ្នាំ ចាប់ពីដើម ខែមិថុនា រហូតដល់ចុង ខែកញ្ញា គឺជារដូវបិទនេសាទ ដើម្បី ទុកឲ្យមេពូជត្រី បានពងកូន បន្តពូជទុកសម្រាប់ឆ្នាំក្រោយៗទៀត ។ ហេតុដូច្នេះហើយ ទើបយើងជ្រើសរើសយកថ្ងៃនេះ និងទីកន្លែងនេះ ដើម្បី រៀបចំពិធីលែងកូនត្រី មេត្រីពូជ និងពិធីដាំកូនឈើ ហើយក៏ចាត់ទុកជាថ្ងៃ នៃការប្រកាសបិទរដូវនេសាទ នៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ផងដែរ ។

ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បន្តថា ដូចបងប្អូនជ្រាបហើយថា នៅប្រទេសយើង សម្បូរដោយត្រីទឹកសាប ដោយសារមានបឹងទន្លេសាប ប្រព័ន្ធទន្លេ ស្ទឹង បឹងបួរ នានា ដែលអាចផ្ដល់នូវបរិមាណផលត្រីយ៉ាងច្រើន សម្រាប់បំរើ ជាម្ហូបអាហារ របស់ប្រជាជនយើង ។ ជាការពិតណាស់ ប្រទេសយើង មានផ្ទៃដីដាំដំណាំស្រូវ ដែលមានគុណភាពល្អ ស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការទីផ្សារពិភពលោក ដែលកំពុងតែមានការរីកចម្រើន ។ ដោយឡែក ចំពោះវិស័យជលផលកម្ពុជា ក៏ជាចំណែកមួយ នៃផលទុនជាតិ ដែលមានប្រជាពលរដ្ឋ ជាច្រើននាក់ ពាក់ព័ន្ធនឹងវិស័យជលផល ដូចជា អ្នកធ្វើនេសាទពេញម៉ោង អ្នកធ្វើនេសាទមិនពេញម៉ោង អ្នកធ្វើនេសាទម្តងម្កាល អ្នកកែច្នៃផលនេសាទ ឬអ្នកទិញ លក់ដូរ ផលនេសាទជាដើម ។ ហេតុនេះហើយ ទើបគេអាចចាត់ទុកថា ប្រទេសកម្ពុជាយើង ជាសង្គមបរិភោគត្រី ដោយគិតជាមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ ហូបត្រីអស់ ៥២,៤០ គ.ក្រ ក្នុងមួយឆ្នាំ ។

ឯកឧត្តម បានបញ្ជាក់ថា ប្រទេសកម្ពុជាយើងសម្បូរដោយត្រីទឹកសាប បានផ្គត់ផ្គង់ម្ហូបអាហាររបស់ប្រជាជនយើង បានគ្រប់គ្រាន់ ។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ វិស័យជលផលកម្ពុជា បានរងនូវផលប៉ះពាល់មួយចំនួន តាមរយៈ កត្តាបម្រែបម្រួលអាកាសធាតុជាសាកល ការនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់…។ល។ នៅឆ្នាំ២០២១នេះ បានរួមចំណែក ២៤,៤% ផលិតផលក្នុងស្រុកសរុប របស់វិស័យកសិកម្ម ហើយការប្រែប្រួលកំពស់ទឹក ការកាប់ទន្ទ្រានព្រៃលិចទឹក តែទោះជាយ៉ាងនេះក្តី ក៏វិស័យជលផលកម្ពុជា មានប្រជាពលរដ្ឋយ៉ាងច្រើននាក់ ពាក់ព័ន្ធ នឹងវិស័យជលផល នៅផងដែរ ។ ក្នុងន័យនេះ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី០១ កក្កដា ជារៀងរាល់ឆ្នាំ ជាទិវាមច្ឆជាតិ ដែលបានប្រារព្ធធ្វើ នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ដោយចាត់ទុកថា ការគ្រប់គ្រងធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ត្រូវផ្សាភ្ជាប់ទៅនឹង ការធ្វើអាជីវកម្មសមស្រប ហើយត្រូវគិតគូរផងដែរអំពីការអភិរក្ស និងការការពារធនធានជលផល ។ ដូច្នេះ សូមឲ្យអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងអង្គភាពនានា សូមចូលរួមឱ្យបានសកម្មថែមទៀត ក្នុងចលនាលែងកូនត្រីនេះ នៅគ្រប់ទីកន្លែង នៅក្នុងមូលដ្ឋាន ដើម្បី ក្លាយជាប្រពៃណីលែងកូនត្រី ដូចជាប្រពៃណីផ្សេងៗទៀតដែរ ដើម្បី បង្កើនធនធានជលផល សម្រាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋយើង ផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងសហការីអមដំណើរ ក៏បានអញ្ជើញលែងកូនត្រីពូជ និងដាំកូនឈើប្រណិត ជានិមិត្តរូប ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង