លោកជំទាវ អនហេង លក្ខិណា បើកកិច្ចប្រជុំលើកទី៣ ស្តីពីការពិគ្រោះយោបល់លើការរៀបចំផែនការកិច្ចការពារកុមារខេត្តកំពង់ចាម រយៈពេល៣ឆ្នាំ (២០២៣-២០២៥)

កំពង់ចាម នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ កិច្ចប្រជុំលើកទី៣ ស្តីពីការពិគ្រោះយោបល់លើការរៀបចំផែនការកិច្ចការពារកុមារខេត្តកំពង់ចាម រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ក្រោមអធិបតីភាពលោកជំទាវ អនហេង លក្ខិណា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមការងារកិច្ចការពារកុមារខេត្ត និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ នៅសាលប្រជុំតូចសាលាខេត្ត ដែលមានសមាសភាពចូលរួមប្រមាណ ៦០នាក់ ស្រី ២០នាក់ ។

លោកជំទាវ បានជម្រុញឲ្យមានការសហការគ្នាពីគ្រប់អ្នកពាក់ព័ន្ធដើម្បីការអនុវត្តផែនការដែលបានគ្រោងទុក ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ពិសេសដើម្បីធានាថាកុមារគ្រប់រូបទទួលបានការថែទាំ អប់រំល្អតាំងពីដំបូងក្នុងផ្ទៃម្តាយ រហូតដល់វ័យជំទង់ ជៀសផុតពីអំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងអំពើអបាយមុខផ្សេងៗ ។ កត្តាទាំងអស់នេះអាចសម្រេចបានសំខាន់ណាស់គឺការចូលរួមពីបុរសជាឪពុករបស់កុមារផ្ទាល់តែម្តង ។

គួបញ្ចាក់ផងដែរកិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការរៀបចំផែនការខេត្តស្តីពីកិច្ចការពារកុមារ រយៈពេល៣ឆ្នាំ (២០២៣-២០២៥) និងដើម្បីឲ្យការអនុវត្តគម្រោងដំណើរការមានសកម្មភាពជាក់លាក់ និងមានធនធានគ្រប់គ្រាន់សម្រាប់គ្រប់អង្គភាពស្ថាប័នប្រតិបត្តិទាំងអស់ ដោយរំពឹងទុកថារដ្ឋបាលខេត្តមានផែនការជាក់លាក់របស់គម្រោង ដោយមានការចូលរួមរៀបចំពីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ទីចាត់ការនានារបស់រដ្ឋបាលខេត្ត មន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុកទាំងអស់ដែលជាអ្នកប្រតិបត្តិ ។

អត្ថបទដែលជាប់ទាក់ទង