គណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០!

ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២-គណៈរដ្ឋមន្ត្រីបានធ្វើការអនុម័តទៅលើលើរបៀបវារៈស្តីពី “សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០” នៅ ក្នុងកិច្ចប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមផេកផ្លូវការរបស់ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា “សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០” ជាសមិទ្ធផលថ្មីមួយទៀតក្នុងក្របខណ្ឌគោលន យោបាយជាតិ ដើម្បីជំរុញកំណើនវិស័យសកសិកម្ម តាមរយៈការបង្កើនផលិតភាពពិពិធកម្ម និងការធ្វើពាណិជ្ជូបនីយកម្ម ប្រកបដោយភាពប្រកួតប្រជែង បរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងធានាបាននូវ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីកសិកម្ម ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ នេះរួមមាន ១០ផ្នែក ដែលក្នុងនោះមាន (១)ការវិភាគស្ថានភាពកសិកម្ម (២)ចក្ខុវិស័យ (៣)គោលបំណង (៤)គោលដៅ (៥)យុទ្ធសាស្រ្ត និងសកម្មភាពសម្រាប់អនុវត្តន៍ (៦)យន្តការសម្រាប់អនុវត្តន៍គោលនយោបាយ (៧)ធនធានហិរញ្ញវត្ថុ (៨)ការពិនិត្យតាមដាន និងវាយតម្លៃ (៩)ការគ្រប់គ្រងហានិភ័យ និង(១០)ដែលជាសេចក្តីសន្និដ្ឋាន។

ជាមួយគ្នានេះ ឯកសារគោលន យោបាយនេះ ក៏មានភ្ជាប់ជាតារាងឧបសម្ព័ន្ធចំនួន២ ដែលបង្ហាញអំពីសូចនាករគោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ និងម៉ាទ្រីស ស្ដីពីវិធានការគោលនយោបាយជាតិនេះ ពិតជាមានសារៈសំខាន់បំផុតសម្រាប់ចង្អុលបង្ហាញផ្លូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវចក្ខុវិស័យ «ប្រែក្លាយកសិកម្មកម្ពុជាជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងធ្វើឱ្យកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា» ស្របតាមគោលដៅគោលនយោបាយឆ្ពោះទៅរក (១) ការធ្វើទំនើបកម្ម និងពាណិជ្ជូបនីយកម្មខែ្សច្រវាក់តម្លៃកសិកម្ម (២) បង្កើនការវិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម (៣) ជំរុញកំណើនប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង(៤) ការកែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ៕ ប្រភពៈ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង