សម្តេចតេជោនាយករដ្ឋមន្រ្តីលើកឡើងអំពីរបៀបវារៈសំខាន់ៗចំនួន៤ ក្នុងកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី!

ភ្នំពេញៈ នៅវិមានសន្តិភាពព្រឹក ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈសំខាន់ចំនួន៤រួមមាន៖១-សេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។ ២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។ ៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ បន្ទាប់មកគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុងលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ ដោយក្នុងនោះវិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាជាវិស័យដែលមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់ កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារ ភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់ សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅ នឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គមនិងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។គោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀតឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ មានគោលបំណង ពង្រឹង និងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំង គាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ គោលនយោបាយកំណត់គោលដៅ ចំនួន៤ ហើយដើម្បីសម្រេចបានគោលដៅ និងគោលបំណងនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ យុទ្ធសាស្រ្ត នេះមាន៨ចំណុច។ សូមបញ្ជាក់ថាក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍ នឹងដើរតួនាទីសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ ដើម្បីអនុវត្តសកម្មភាព អាទិភាពឱ្យសម្រេចបានតាមយុទ្ធសាស្រ្តខាងលើ ក្រោមប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃដោយមានការកំណត់សូចនាករគោលដៅ ដែលអាចវាស់វែងបានថែមទៀតផង៕

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង