នាយិការថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ABD បង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការសហការជាមួយនឹងកម្ពុជា តាមរយៈរដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន!

ក្រោយពីទទួលបានការតែងតាំងថ្មីជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB លោកស្រី Jyotsana Varma បានបង្ហាញនូវការកោតសរសើរយ៉ាងស្មោះស្មគ្រ័ជូនចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនក្នុងជំនួបនាពេលនោះថា៖ ADB មានឆន្ទៈយ៉ាងមុតមាំក្នុងការ សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយលោកជំទាវពិតជាសូមកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ចូន ក្រោមកិច្ចខិតខំប្រឹងប្រែង ពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។ បន្តមកឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះលោកស្រី Jyotsana Varma ដែលអញ្ជើញមកបំពេញបេសកកម្មជានាយិកាថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែជួយគាំទ្រស្ទើរគ្រប់វិស័យលើការអភិវឌ្ឍន៍កម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យដឹកជញ្ជូនសាធារណៈ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗជាច្រើន ដែល ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ក្នុងការអនុវត្ត និងការអភិវឌ្ឍឱ្យកាន់តែមានភាពរីកចម្រើន និង ទំនើប ជាពិសេសការគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និង ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើគម្រោងសំខាន់ៗដទៃទៀត ដែលក្នុងនោះរួមមាន៖ គម្រោងទាក់ទងនឹងការថែទាំជួសជុលផ្លូវថ្នល់ គម្រោងផែនការមេស្ដីពីហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្ដារាជធានី-ខេត្តមួយ ចំនួន គម្រោងផែនការមេដឹកជញ្ជូនសាធារណៈ ក៏ដូចជាចូលរួមគាំទ្រនិងសហការជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ សូមជម្រាបជូនថា៖  លោកស្រី Jyotsana Varma បានបំពេញការងារក្នុងវិស័យអភិវឌ្ឍន៍នេះ អស់រយៈ ពេលជាង២៩ឆ្នាំ មកហើយ។ លោកស្រីត្រូវបានតែងតាំងជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង