ក្រសួងពាណិជ្ជកម្មចេញសេចក្តីប្រកាសអំពីវិធានការច្បាប់ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មដែល មានលក្ខណៈភូតកុហក បំភាន់ការពិត ឬធ្វើឱ្យច្រឡំពិសេសធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់!

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្មចុះថ្ងៃទី០៨ខែកញ្ញាបានជម្រាបជូនចំពោះសាធារណៈជន ដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឱ្យចាត់ចែងផ្សាយពាណិជ្ជកម្មឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមកនេះអគ្គនាយកដ្ឋាន ក.ប.ប. សង្កេតឃើញមានសកម្មភាពនិងខ្លឹមសាផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹង ផលិតផលទំនិញនិងសេវាមួយចំនួននៅតែបន្តកើតមានជាយថាហេតុ ដោយការផ្សព្វផ្សាយនោះបានធ្វើឡើងតាមគ្រប់ទម្រង់នៃការផ្សាយពាណិជ្ជកម្ម មានដូចជាតាមរយៈទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ និងបណ្តាញសង្គមនានាមានលក្ខណៈភូតកុហក បំភាន់ការពិត និងអាចធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំអំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ។ ហើយជាពិសេសនោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ផងដែរ។ សកម្មភាពនិងខ្លឹមសារនៃការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះបានធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ ប៉ះពាល់ដល់ដំណើរការប្រកួតប្រជែងប្រកបដោយ សុចរិត និងកាត់បន្ថយប្រសិទ្ធភាពសេដ្ឋកិច្ច ដែលត្រូវហាមឃាត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសគឺច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ដូច្នេះដើម្បីទប់ស្ងាត់នូវការប្រព្រឹត្តល្មើសពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកបដោយសុចរិតភាព ការប្រកួតប្រជែងប្រកដោយសមធម៌ និង ការពារផលប្រយោជន៍អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមក្រើនរំលឹកដល់សាធារណៈជនដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលឱ្យផ្សាយពាណិជ្ជកម្មឲ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមខ្លឹមសានៃច្បាប់និងឯកសារគតិយុត្តជាធរមាន។ ឈរលើមូលដ្ឋាននេះ ក.ប.ប សុំឱ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីដែលជាបុគ្គលផ្សាយពាណិជ្ជកម្ម ឬបុគ្គលទទួលសិទ្ធិឲ្យចាត់ចែងផ្សាយពាណិជ្ជកម្ម ធ្វើការកែសម្រួលសកម្មភាពនឹងខ្លឹមសារនៃច្បាប់និងបទប្បញ្ញត្តិក្នុង       រយៈពេល៣០(សាមសិប)ថ្ងៃ បន្ទាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ ហើយក្នុងករណីរកឃើញថាបុគ្គលណាមួយបានប្រព្រឹត្តល្មើស ហើយមិនបានកែរតម្រូវសកម្មភាពនិងខ្លឹមសារផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងរយៈពេលកំណត់ខាងលើទេ អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

 

 

អត្ថបទដែលជាប់ទាក់ទង