សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានលើកឡើងនូវ៥ចំណុចដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២!

ព្រឹកថ្ងៃច័ន្ទ១រោច ខែភទ្របទ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ខែកញ្ញានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឥស្សរជនការទូត នៃបណ្តាប្រទេសជាមិត្តនានាប្រចាំកម្ពុជា ព្រមទាំងវាគ្មិនមកពីបណ្តាផ្នែកធុរកិច្ចអាស៊ាន និងដៃគូអាស៊ានជាច្រើនរូប ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ ។ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ថា វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះនឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។ បន្តមកលោក តាន់ស៊្រី ម៉ៃឃើល យ៉ូ ស្ថាបនិក និងជាប្រធានវេទិកាភាពជាអ្នកដឹកនាំ និង ភាពជាដៃគូអាស៊ាន វិទ្យាស្ថានយុទ្ធសាស្រ្តដើម្បីអាស៊ី ប៉ាស៊ីហ្វីក មានប្រសាសន៍ថា ក្រៅតែពីការប្រកាសបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ យើងនិងមានការប្រកាសបើកជាផ្លូវការ «ក្លឹបសេដ្ឋកិច្ចអាស៊ាន» ដែលបង្កើតឡើងដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI)។  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ជាការពិតស្របពេលដែលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅតែមានភាពផុតស្រួយ និងងាយបែកខ្ញែក។ ជាក់ស្តែងការបន្តអូសបន្លាយនៃសង្រ្គាមរុស្ស៊ី អ៊ុយក្រែង បានបន្ទច់បង្អាក់ការស្តារសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើង នៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងវិស័យទំនិញម្ហូបអាហារ។ សម្តេចតេជោបានផ្តល់យោបល់ផ្ទាល់ខ្លួនចំនួន៥ដើម្បីជាធាតុចូលបន្ថែមសម្រាប់កិច្ចពិភាក្សាក្នុងវេទិកាដូចជា៖ទី១)ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមិនអាចសម្រេច បានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន ។ កម្ពុជាដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើនដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមកនិងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បងបំផុតគឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ   ២)ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា ៣)ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ សកលលោក ៤) អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង និង ទី៥) អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័សស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង