ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីរាជការ នាំយកយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី ២ ក្នុងវត្តចំនួន ២ ស្ថិតនៅក្នុងក្រុងកំពង់ចាម
កំពង់ចាម នាឱកាស នៃថ្ងៃវេនបិណ្ឌទី២ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលទៅនឹងប្រជាពលរដ្ឋទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមគន្លងប្រពៃណីយ៍ព្រះពុទ្ធសាសនា យ៉ាងអធិកអធ័មនោះ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានដឹកនាំ ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាការ មន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនព្រះសង្ឃ នៅវត្តខេមវ័ន្តបឹងស្នាយ «ហៅវត្តថ្មី» ស្ថិតនៅក្នុងសង្កាត់សំបួរមាស និងវត្តជោតនារាមបឹងកុក «ហៅវត្តបឹងកុក» ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សូមបញ្ជាក់ដែរថា បន្ទាប់ពី ឯកឧត្ដម អ៊ុន ចាន់ដា និងឯកឧត្ដម ខ្លូត ផន ព្រមទាំង សហការី អមដំណើរ វេរនូវទេយ្យទាន និងគ្រឿងបរិក្ខាទាំងឡាយ ប្រគេនព្រះសង្ឃ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា រួចមក ព្រះគ្រូចៅអធិការវត្តទាំង ២ បានថ្លែងនូវថេរដីកា អំណរគុណ ចំពោះ ថ្នាក់ដឹកនាំខេត្ត ព្រមទាំង សហការីទាំងអស់ និងសូមឧទ្ទិសបួងសួងទៅដល់ឌួងវិញ្ញានក្ខ័ន្ត បុព្វការីជន ក៏ដូចជាអ្នកមានគុណ មាន ៖ មាតា បិតា ជីដូនជីតា ញ្ញាតិការទាំង ៧សណ្ដាន ដែលបានចែកដ្ឋាន ទៅកាន់បរលោកខាងមុខ សូមមកទទួលយកនូវមគ្គផលទាំងអស់នេះ ហើយសូមបែរបកក្រោយ ឲ្យពរសព្វសាធុការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ សូមប្រកបតែពរជ័យ សេរីសួស្ដី សេចក្ដីសុខចំរើន គ្រប់ក្រុមគ្រួសារ ក្នុងបច្ចុប្បន្ន និងអនាគតជាតិ កុំបីឃ្លាងឃ្លាតឡើយ ។
នាឱកាស ឯកឧត្ដម ខ្លូត ផន និងឯកឧត្ដម អ៊ុន ចាន់ដា ព្រមទាំង សហការី បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តទាំង ២ខាងលើ ដោយក្នុង ១វត្ត ៖ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ទឹកដោះគោខាប់ ១កេសធំ តែ ០៥កញ្ចប់ ស្ករស ០៥គ.ក្រ មី ០១កេសធំ ត្រីខ ០១យួរ និងបច្ច័យកសាង ចំនួន ៥.៨១០.០០០រៀល ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ។
គួររំលឹកដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ។ បុណ្យនេះ ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ។ នៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញ បងប្អូនប្រជាជនខ្មែរ ដែលនិយម និងជាអ្នកកាន់ភ្ជាប់នូវព្រះពុទ្ធសាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗ មានម្ហូប អាហារ នំ ចំណី ជាដើម ទៅវេរប្រគេព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បី ឧទ្ធិសមគ្គផល និងគុណូប្បការៈគុណ ទៅដល់បុព្វការីជន អ្នកមានគុណ មាតា បិតា ជីដូន ជីតា ដែលបានចែកដ្ឋានរំលាយកាយ ទៅកាន់បរលោកខាងមុខ ។ ម្យ៉ាងវិញទៀត ក៏ជាពេលវេលាដ៏ប្រសើរ ដើម្បី ឲ្យប្រជាពលរដ្ឋយើង បានយកចំណីចំណុក និងគ្រឿងបរិក្ខាផ្សេង ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស ផងដែរ ។ យើងទាំងអស់គ្នា បានដឹងហើយថា ក្រោមដំបូលសុខសន្តិភាព ជាពិសេស នយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ឱឝាសដល់ប្រជាពលរដ្ឋយើង ប្រកបរបរទទួលទានប្រចាំថ្ងៃ និងជួបជុំគ្នាធ្វើបុណ្យ ទានផ្សេងៗ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួន ដែលផ្ទុយស្រឡះទាំងស្រុង កាលពីរបប ប៉ុល ពត ប្រល័យពូជសាន៍ បានបំបាត់អស់ទាំងស្រុង នូវជំនឿសាសនា រាប់ទាំងព្រះពុទ្ធសាសនា ផងដែរ ៕