ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញសំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ ទៅស្រុកកំណើត នារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២ នេះ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាnកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារ ជូនរដ្ឋបាលខេត្ត ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត នៅតែបន្តធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បន្តអុនវត្តន៍វិធានការអនាម័យ «៣កុំ ៣ការពារ» ។
បន្ថែមពីនេះនៅពេលទៅស្រុកកំណើត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឱ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណាដែលមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ណែនាំសូមទៅចាក់ឱ្យបានគ្រប់គ្នា ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត បានអំពាវនាវដល់មន្ត្រីរាការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយពលរដ្ឋ ឲ្យបានច្រើនកុះករ នូវពិធីបុណ្យអ៊ុំទូក ដែលរដ្ឋបាលខេត្តនឹងរៀបចំឡើងនាថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ដែលមានការប្រណាំងទូក ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងកម្មវិធីជាច្រើនទៀត ជាពិសេសចូលរួមកម្មវិធីសប្បាយៗ ពិធីបុណ្យឆ្លងឆ្នាំសកល នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ នៅមាត់ទន្លេសិប្បនិម្មិត ទីរួមខេត្ត ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន ២ ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ ៕