ឯកឧត្តម ជាម ច័ន្ទសោភ័ណ : ក្នុងបេះដូងរបស់យើងត្រូវតែរក្សានូវពាក្យថាសន្តិភាព ចង់ចាំពាក្យ« អរគុណសន្តិភាព » ដក់ជាប់ដូងជានិច្ច 

 

( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ក្នុងបេះដូងរបស់យើងត្រូវតែរក្សានូវពាក្យថាសន្តិភាព ត្រូវចង់ចាំពាក្យ« អរគុណសន្តិភាព » ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថាបើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យទាន តាមទីអារាមដូចនាពេលនេះ បាននោះឡើយ ។

ឯកឧត្តមមានអនុសាសន៍បែបនេះ ក្នុងឳកាសដែលឯកឧត្តម និងលោកជំទាវ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន បន្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី ១១ និងនាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនវត្តបទុមរង្សី ហៅវត្តពើក ស្ថិតក្នុងភូមិពើក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីបន្តទ្រទ្រង់វិស័យពុទ្ធសាសនា ។

ឯកឧត្តមក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកតាលោកយាយ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់ ។

 

ឯកឧត្តមបានធ្វើការក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានលឿន រហ័ស ពោលគឺ «មន្ត្រីរាជការជាអ្នកបំរើរាស្ត្រ ឯបងប្អូនពលរដ្ឋគឺជាម្ចាស់» ដូច្នេះត្រូវបម្រើដោយទន់ភ្លន់ និងប្រកបដោយប្រសិទ្ធភាព ។

 

ឯកឧត្តមបណ្ឌិត ក៏បានជំរុញបន្ថែមដល់កងកម្លាំងទាំង ៣ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឲ្យបានល្អ ធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅដោយមិនខ្លាចចោរលួចឆក់ប្លន់ រស់នៅដោយសុខសានត្រាន្ត ។

ក្នុងឳកាសនោះថ្នាក់ដឹកនាំខេត្តទាំងអស់ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង ។

ដោយសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បាននាំយកនូវទេយ្យទានទេយ្យវត្ថុប្រគេនជូនព្រះសង្ឃរួមមានផ្កាឈូក៤កន្ត្រក ទឹកក្រូច៤កេះ ទឹកដោះគោខាប់២ឡូ ស្ករស១០kg មី៦កេះ អង្ករ៤បេ ទឹកសុទ្ធ២០កេះ ត្រីខ៤យួរ សាដក៥ប្រអប់ និងបច្ច័យកសាងចំនួន ៤លានរៀល ព្រមទាំងប្រគេនបច្ច័យព្រះសង្ឃក្នុង១អង្គ ៥មុឺនរៀល ។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកថវិកាជូនដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយបេះដូងកក់ក្តៅបំផុត នៅទីអារាមមួយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង