សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញដល់ទីក្រុងញូវយ៉កប្រកបដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចពិភាក្សា ទូទៅនៃមហាសន្និបាត អ.ស.ប លើកទី៧៧ នៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ !
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្តិភាពកាលពីវេលាម៉ោង១៨និង៦នាទីយប់ ថ្ងៃទី២១កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនិងម៉ោង ៥ព្រឹកនិង៦នាទី ថ្ងៃទី២២កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត អសប លើកទី៧៧ នៅទីស្នាក់ការកណ្តាល អសប ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាននៃការអញ្ជើញទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីតំណាងឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជា ឥស្សរជនការទូត នៃស្ថានតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាច្រើនរូប។ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការ សហប្រជាជាតិ ឯកឧត្តម Antonio Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស ឯកឧត្តម Jose Ramos Horta ប្រធានាធិបតីទីម័រខាងកើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោបប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៧ របស់យើង “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនឤចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា ”។ នៅសណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជំរាបជូនសម្តេចថា បើទោះបីដឹងថាសម្តេចមិនមានគំរោងជួបសំណេះសំ ណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាក្តី ក៏ពួគាត់ បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសំដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ពិសេសចង់ជួបនិងឃើញដោយផ្ទាល់ថាតើ រូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដរឺយ៉ាងណា។ សម្តេចតេជោបានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅចំពោះមុខប្រជាពលរដ្ឋទាំងអស សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា។ មុនពេលមកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះជាសម្តេចពិតរឺយ៉ាងណា? សម្តេចតេជោបានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕