ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និង ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរៀង
(ស្វាយរៀង)៖ នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២២ ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀងនិង ឯកឧត្តមបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ក្រុងស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី នឹងចុះពិនិត្យព្យាបាលជំងឺ និង ចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរៀងចំនួន២៥០នាក់ ក្នុងនោះស្ត្រីមាន១៧៥នាក់។
ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនេះដែរ ក៏មានការចូលរួមពីលោក គុជ សុីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៑ុន ម៉ានីខេត្តស្វាយរៀង ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ផងដែរ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយខេត្តស្វាយរៀងជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងការពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះផងដែរ។
ឯកឧត្តមបណ្ឌិតបានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងសង្កាត់ស្វាយរៀងនាពេលនេះ គឺគ្រូពេទ្យសុទ្ធតែមានឯកទេស ជំនាញច្បាស់លាស់នៅតាមបណ្ដាមន្ទីរពេទ្យក្នុងខេត្តស្វាយរៀងនិងមន្ទីរសុខាភិបាលខេត្ត ដែលពោរពេញដោយសមត្ថភាព និងមានបេះដូងមនុស្សធម៍សែនកក់ក្តៅ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺសូមប្រញាប់រួសរាន់មកព្យាបាលដែលមានក្រុមគ្រូពេទ្យរង់ចាំពិនិត្យនិងព្យាបាលជូនផងដែរ។
ឯកឧត្តមបន្តថា តាមគោលការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានី ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បន្ថែមលើសពីនេះ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាពល្អនាំឱ្យមានការអភិវឌ្ឍនោះនឹងចាកចេញផុតពីភាពក្រីក្រ។
ជាមួយគ្នានេះ ឯកឧត្តម ជុក មុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងខេត្តស្វាយរៀងតាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាពេលនេះពិតជាបានគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានចាត់ទុកវិស័យសុខាភិបាលគឺជាវិស័យអាទិភាពមួយសម្រាប់ការងារអភិវឌ្ឍន៍ប្រទេសផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុន ម៉ានីដែលចុះពិនិត្យនិងព្យាបាលជំងឺនៅក្នុងសង្កាត់ស្វាយរៀងនេះមានចំនួន សរុប ៨៤នាក់ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កូនក្មេង រោគស្ត្រី ភ្នែក ធ្មេញ វះកាត់តូច ឆ្លុះអេកូពោះ អេកូ អវយវៈ អេកូផ្ទៃពោះ និងថតកាំរស្មីអិចសួតផងដែរ ។
កម្មវិធីព្យាបាលនេះមានការឧបត្តម្ភពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ជា ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី។ ជាលទ្ធផល ការពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់កូវីដ-១៩ បានចំនួនសរុប២៥០នាក់ (ស្រ្តី ១៧៥នាក់)៕ ដោយ:33