ឯកឧត្តម អ៊ុន ចាន់ដា ចុះត្រួតពិនិត្យ និងរៀបចំទីតាំង ដើម្បីសម្រួលដល់ការកំសាន្តរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាពិធីប្រណាំងទូក « ង »
កំពង់ចាម៖ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរក្រុងកំពង់ចាម និងសមត្ថកិច្ចកងកម្លាំង បានអញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំង ដើម្បីសម្រួលដល់ការកំសាន្តរបស់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាពិធីប្រណាំងទូក « ង » ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំ ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរៀបចំកែលម្អ វេទិកាប្រារព្ធ ឱ្យមានសោភណភាពល្អដើម្បី ទទួលថ្នាក់ដឹកនាំជាភ្ញៀវមកចូលរួមក្នុងកម្មវិធី និងធ្វើការសម្អាតច្រាំងទន្លេតាមបណ្តោយ ជាប់ទីក្រុង ពិសេសនៅកន្លែងប្រារព្ធពិធីដើម្បីបង្កើតការងាយស្រួលសម្រាប់ប្រជាពលរដ្ឋ យើងចូលរួមទស្សនាការប្រណាំងទូក ង របស់យើងហើយនៅទីក្រុង ទាំងមូលត្រូវរៀបចំឱ្យ មានសោភណភាព បរិស្ថានល្អ ស័ក្ដិសម ជាទីក្រុងបេះដូងរបស់ខេត្ត ដែលទទួលបាននូវ ផ្ការំដួល៣ទងនោះ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា និងមានការរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ នៅក្នុងកំពង់ចាមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក « ង » ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃចេញព្រះវស្សា ព.ស.២៥៦៦ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២.០០នាទី នៅវេទិការអុំទូក ភូមិជ្រោយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដែរ ៕