លោកបណ្ឌិត កែ មុនធីវុធ៖ សិក្ខាសាលាស្តីពីការវាយតម្លៃសមត្ថភាពភូតគាមអនាម័យនៅកម្ពុជាធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីត្រួតពិនិត្យភូតគាមអនាម័យនិងកំណត់នូវចំណុចខ្វះខាត!

នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយនិងលេខាធិការដ្ឋាននៃអនុសញ្ញាអន្តរជាតិស្តីពីការការពាររុក្ខជាតិ (IPPC) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) អនុវត្តគម្រោងស្តីពីការអភិវឌ្ឍន៍សមត្ថភាពនៅកម្ពុជាក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ FAO-China South-South(GCP/INT/291/CPR) បានរៀបចំជាសិក្ខាសាលាស្តីពីការវាយតម្លៃសមត្ថភាពភូតគាមអនាម័យ ក្រោមអធិបតីភាព លោកបណ្ឌិតម៉ាក់ សឿន អគ្គនាយករងតំណាងឯកឧត្ដមបណ្ឌិត ងិន ឆាយ ប្រតិភូកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកកដ្ឋានកសិកម្ម  លោកបណ្ឌិត កែ មុនធីវុធ ប្រធាននាយកកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម លោស្រី Sarah Brunel លេខាធិការ IPPC និងលោកស្រី Rebekah Bell តំណាងអង្គការ Fao ប្រចំាមកម្ពុជា  ។ លោកបណ្ឌិត កែ មុនធីវុធ បានអោយដឹងពីគោលបំណងសិក្ខាសាលានេះថា   គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីត្រួតពិនិត្យភូតគាមអនាម័យ និងកំណត់នូវចំណុចខ្វះខាត នៃប្រព័ន្ធភូតគាមអនាម័យនៅប្រទេសកម្ពុជា ដោយប្រើម៉ូឌុលវាយតម្លៃសមត្ថភាពភូតគាមអនាម័យ និងបង្ហាញពីបច្ចេកវិទ្យាថ្មី ដើម្បីទប់ស្កាត់ជំងឺផ្សិតស្រពោនលើដំណាំចេក ដែលបង្កឡើងដោយផ្សិត Fusarium (Foc TR4) ដល់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។   លោកបណ្ឌិតម៉ាក់ សឿន តំណាង ឯកឧត្ដមបណ្ឌិត ងិន ឆាយ ប្រតិភូកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកកដ្ឋានកសិកម្ម  បានគូសបញ្ជាក់ពីគោលនយោបាយកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្ដោតសំខាន់លើការលើកស្ទួយតួនាទីរបស់ផ្នែកកសិកម្ម ឱ្យក្លាយទៅជាផ្នែកនាំមុខមួយដែលអាចផ្ដល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងអាចចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ។ នៅក្នុងទិសដៅនេះ យុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ ដើម្បីបង្កើនការប្រើប្រាស់ធនធានក្នុងស្រុកសម្រាប់អនុវត្ដពហុវប្បកម្ម និងប្រពលវប្បកម្មកសិកម្ម ដើម្បីធានានូវនិរន្ដរភាពនៃកំណើនសកម្មភាពសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូលនៅជនបទព្រមទាំងធានាសន្ដិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋទូទៅ ហើយធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ និងបង្កើនការនាំចេញកសិផល។  លោកបណ្ឌិតម៉ាក់ សឿន មានប្រសាសន៍បន្តថា  ក្នុងការនាំចេញ-នាំចូលផលិតផលកសិកម្ម ការអនុវត្តវិធានភូតគាមអនាម័យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព មិនត្រឹមតែការពារផលប្រយោជន៍នៃប្រទេសជាតិយើងទេ ថែមទាំងគោរពតាមកិច្ចព្រមព្រៀងអន្ដរជាតិ និងការពារផលប្រយោជន៍ប្រទេសជាដៃគូរពាណិជ្ជកម្មទៀតផង។ ប្រសិនបើយើងមិនបានយកចិត្ដទុកដាក់ពង្រឹង និងលើកកំពស់ការងារនេះឱ្យឈានទៅដល់កំរិតអន្ដរជាតិនោះទេភាពក្រីក្ររបស់កសិករយើង សេដ្ឋកិច្ចជាតិយើងដែលពឹងផ្អែកទៅលើវិស័យកសិកម្មនឹងឈានទៅរកឱនភាពជៀសមិនផុតឡើយ ដោយហេតុថា ផលិតផលកសិកម្មគ្រប់ប្រទេសដែលមានផ្ទុកនូវសមាសភាពចង្រៃ នឹងឆ្លងចូលពាសពេញទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បង្កមហន្ដរាយដល់សុខភាពផលដំណាំកសិកម្ម បំផ្លាញជីវចំរុះ និងបរិស្ថានធម្មជាតិក្នុងប្រទេសយើង ពេលនោះប្រទេសជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកនឹងចាត់ទុកប្រទេសកម្ពុជាជាជំរកឬសំបុកនៃសមាសភាពចង្រៃលើដំណាំគ្រប់ប្រភេទនឹងមិនអនុញ្ញាតឱ្យផលិត ផលមានដើមកំណើតពីរុក្ខជាតិ ក្នុងប្រទេសយើងចូលប្រទេសគេឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង