ឯកឧត្តម ហាន កុសល អញ្ជើញចូលរួមវេទិកាសាធារណៈអំពីការធ្វើអាជីវកម្មខ្សាច់តាមដងទន្លេមេគង្គ
កំពង់ចាម នាពេលព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមវេទិកាសាធារណៈពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់នៅតាមដងទន្លេមេគង្គ នៅភូមិស្វាយស្រណោះទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម គង់ ស៊ីថា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ តំណាងក្រសួងរ៉ែ និងថាមពល។ ក្នុងកម្មវិធីនេះមានប្រជាពលរដ្ឋចូលរួមចំនួន ២០០គ្រួសារ មកពីឃុំចំនួន២ លោក លោកស្រី តំណាងម្ចាស់អាជីវកម្ម ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម រដ្ឋបាលស្រុកកងមាស រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ។ វេទិកាសាធារណៈដែលរៀបចំឡើងនៅពេលនេះក្នុងគោលបំណងស្រាយបំភ្លឺពីលក្ខណៈបច្ចេកទេសពាក់ព័ន្ធទៅនឹងការធ្វើអាជីវកម្ម ជូនប្រជាពលរដ្ឋ។
ចប់វេទិកាឯកឧត្តមបានបន្តចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូពេទ្យ ធ្វើការនៅមណ្ឌលសុខភាព ឃុំអង្គបាន ស្រុកកងមាស ដើម្បីជួយដោះស្រាយ នូវបញ្ហាប្រឈមនានាដែលជួបប្រទះនៅក្នុងការបំពេញការងាររបស់ពួកគាត់ទៀតផង ។