សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឲ្យភាគីគុយបាជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគឲ្យកាន់តែរីកចម្រើន!

នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋគុយបា និងគណៈប្រតិភូ ចូលជូបសម្តែងការគួរសមនៅវិមានរដ្ឋសភាក្នុងឪកាសដែល ឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានចាត់ទុកវត្តមានរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី នៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការជំរុញសន្ទុះកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ឱ្យបានកាន់តែប្រសើរថែមមួយកំរិតទៀត ស្របតាមបរិបទតំបន់ និងសកលលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានស្នើ ឯកឧត្តមនាយករដ្ឋមន្រ្តី ជួយជំរុញនិងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទំាងពីរ ដែលនៅមានកម្រិតឱ្យមានការរីកចម្រើនប្រសើរឡើង។ នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់កិត្តិយសដល់ឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តម  អាននិងតាមដានពីវីរភាពរបស់ សម្តេចប្រធានរដ្ឋសភា ដែលបានចូលរួមរំដោះនិងកសាង អភិវឌ្ឍន៍ប្រទេសជាតិជារៀងរហូតមក។  ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសគុយបា កាលពីពេលថ្មីៗនេះប្រកបដោយជោគជ័យ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានាពេលនេះ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគប្រទេសទំាងពីរ នឹងមានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្រ្តីបាន ពាំនាំនូវលិខិតអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋសភាគុយបា គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅគុយបា។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា  តាំងពីយូរយាណាស់មកហើយ។ ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦២ នៃទំនាក់ទំនង ចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា ហើយតែងជួយឧបត្ថម្ភគាំទ្រកម្ពុជា នៅគ្រប់កាលៈទេសៈ។ ជាក់ស្តែងនៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ មិត្តគុយបា បានផ្តល់ជំនួយបន្ទាន់ ផ្នែកសង្គមកិច្ច សុខាភិបាល និងអប់រំ ដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ក្នុងគ្រាក្រលំបាក ស្របតាមសុភាសិតខ្មែរ «មិត្តល្អជួយគ្នា ក្នុងគ្រាក្រ»។ សម្តេចប្រធានរដ្ឋសភាសូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋគុយបា កាលពីសបា្តហ៍មុន ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យប្រសើរឡើងថែមទៀត សំដៅរួមចំណែកផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង៕

អត្ថបទដែលជាប់ទាក់ទង