អាជីវករដែលសង់សំណង់ តាមបណ្តោយឆ្នេរកែប ត្រូវរុះរើចេញមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ!
កែប៖ ក្រោយពីអញ្ចេីញបងប្អូនអាជីវករចូលប្រជុំកាលពីពេលថ្មីៗ នៅសាលាក្រុងកែប ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប នារសៀលថ្ងៃនេះ លោកអភិបាលក្រុងកែប បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលអោយត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ អោយម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។
លោក ខេង យ័ន អភិបាលក្រុងកែប បានអោយដឹងថា ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការជួបគ្នានៅសាលាក្រុងកែប ដោយយើងសម្រេចមិនអនុញ្ញាតអោយ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ នោះទេ ហើយការស្នើរពីអាជីវករយើងអនុញ្ញាត អោយលក់នៅថ្ងៃបុណ្យទាន ដោយឡែកសម្រាប់ថ្ងៃចុងសប្តាហ៍យើងមិនទាន់មានការសម្រេចយ៉ាងណានោះទេ។
ដោយឡែកថ្ងៃនេះ យើងចុះមកធ្វើការវាស់វែងរាល់សំណង់ដែលសង់ចូលដីចំណីផ្លូវសាធារណៈ និងសំណង់ដែលដាក់លើគម្រប់លូជាដើម ដោយទុលពេលអោយពួកគាត់រុះដោយខ្លួនឯង មុនពេលដែលអាជ្ញាធរចាត់វិធានការ ដោយកំណត់ត្រឹមថ្ងៃទី១៥ ខែនេះ ពោលមុនពិធីបុណ្យអ៊ុទូក ឈានចូលមកដល់។
លោកបន្តថា មកទល់ឥឡូវនេះ ជាពេលដែលយើងត្រូវការរៀបចំសារឡើងវិញ នូវចំណុចខ្វះខាតនានា ដែលបានបន្សល់តាំងពីពេលកន្លងទៅ ដើម្បីស្តារនូវសណ្តាប់ធ្នាប់ សោភណ្ឌភាព តំបន់ឆ្នេររបស់យើង យ៉ាងណាលោកធ្វើការសំណូមពរដល់បងប្អូនអាជីវករ សុំអោយមានការ យោគយល់ និងសហការជាមួយអាជ្ញាធរ ដើម្បីភាពរីកចំរើនក្នុងខេត្តរបស់យើង៕