ទេសរដ្ឋមន្រ្តី លី ធុជ ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន សម្រេចបាន ៧០% នៃផែនការ ស្មើនឹង ៩០ ចំការមីន កម្ទេចបានជាង ១ ពាន់គ្រាប់
ត្បូងឃ្មុំ :ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី ១ នៃអាជ្ញាធរមីនកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណជិត ២០០ នាក់ នាថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានអនុសាសន៍បញ្ជាក់ថា ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៥ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១.០៨០ គ្រាប់ ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តទៀតថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ ២០២៥ របស់សម្តេចតេជោ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងបោសម្អាតមីន កម្លាំងនគរបាលការពារព្រំដែន និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ៕