កិច្ចប្រជុំពិភាក្សាលើការកសាងផ្លូវជាតិលេខ២ និង ផ្លូវលេខ២២ រវាងភាគីព្រះរាជាណាចក្រកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ
ជំនួបពិភាក្សាទ្វេភាគីទាំងពីរ (កម្ពុជា-កូរ៉េ)ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួង ក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាការងារសាងសង់ផ្លូវជាតិលេខ២និងផ្លូវលេខ២២ បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក៏ដូចជាការស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្តគម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២អាចសម្រេចបាននូវលទ្ធផលល្អប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់អនុសាសន៍ណែនាំល្អៗដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ។ជាមួយគ្នានេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ក្នុងនាមប្រធានគណៈប្រតិភូ រួមជាមួយតំណាងមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) និងក្រុមហ៊ុនម៉ៅការសាងសង់ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និង ជំរុញ ឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។គួររម្លឹកដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកា ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕