លោក Elon Musk បដិសេធ​ថា​លោក​និយាយ​ជាមួយ​លោក​ពូទីន ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន


អាមេរិក ៖ មហាសេដ្ឋី​លេខ​មួយ​ពិភពលោក Elon Musk បាន​បដិសេធ​សេចក្តីរាយការណ៍​ថា លោក​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin មុន​ពេល​លោក​បង្ហោះ​ការ​ស្ទង់​មតិ​នៅ​លើ Twitter អំពី​យោបល់​របស់​លោក​សម្រាប់​ការ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

លោក Ian Bremmer ប្រធាន​ផ្នែក​ប្រឹក្សា​ហានិភ័យ​នយោបាយ Eurasia Group បាន​ចោទប្រកាន់​ថា លោក Elon Musk បាន​ប្រាប់​គាត់​ដោយ​ផ្ទាល់​អំពី​ការ​សន្ទនា​របស់​លោក​ជាមួយនឹង​លោក Putin​។

នៅ​ក្នុង​ព្រឹត្តិបត្រ​មួយ លោក Ian Bremmer សរសេរ​ថា លោក Musk បាន​ប្រាប់​គាត់​ថា ប្រធានាធិបតី​រុ​ស្ស៊ី​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​ចរចារ ប៉ុន្តែ​ក្នុង​ករណី​ប្រ​សិន តំបន់​គ្រី​មៀ​នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី ប្រ​សិន​អ៊ុយ​ក្រែ​ន​ទទួលយក​ទម្រង់​អព្យាក្រឹត​អចិន្ត្រៃយ៍ ហើយ​ប្រ​សិន​ទីក្រុង​គៀវ​ទទួលស្គាល់​ការ​ដាក់​ប​ញ្ជូ​ល​តំបន់ Luhansk, Donetsk, Kherson និង Zaporizhzhia ជា​របស់​រុ​ស្ស៊ី​។

លោក Bremmer និយាយ​ទៀត​ថា លោក Musk ប្រាប់​គាត់​ថា លោក Putin និយាយ​ថា​គោលបំណង​ទាំងនេះ​នឹង​ត្រូវ​សម្រេច​បាន មិន​ថា​មានរឿង​អ្វី​នោះ​ទេ ហើយ​ថា​នឹង​មាន​សក្តានុពល​នៃ​ការ​វា​.​យ​ប្រហារ​នុយក្លេអ៊ែរ ប្រ​សិន​អ៊ុយ​ក្រែ​ន​ឈ្លានពាន​គ្រី​មៀ​។ ប៉ុន្តែ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Tesla រូប​នេះ​បាន​បដិសេធ​។

លោក​បាន​ថ្លែង​នៅ​លើ Twitter ដូច្នេះ​ថា «​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក Putin តែ​ម្តង​គត់ ហើយ​វា​កើតឡើង​ប្រហែល ១៨​ខែ​មក​ហើយ​។ ប្រធានបទ​នៃ​ការ​ជជែក​គ្នា​គឺ​ពី​លំហរ​អាកាស»​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន លោក Elon Musk បាន​ស្នើ​ឱ្យ​អ្នក​ចុច​តាមដាន​ចំនួន ១០៧.៧​លាន​នាក់​របស់​លោក​នៅ​លើ Twitter ឱ្យធ្វើ​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​លើ​មធ្យោបាយ​ដើម្បី​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

យោបល់​របស់​លោក រួម​មានការ​ស្នើ​ឱ្យធ្វើ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន​ដែល​កាន់កាប់​ដោយ​រុ​ស្ស៊ី ដែល​រុ​ស្ស៊ី​បាន​និយាយ​ថា​ខ្លួន​បាន​ដាក់​ប​ញ្ជូ​ល​ជា​ទឹកដី​របស់​ខ្លួន​។ សំណើរ​របស់​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​ទីក្រុង​ម៉ូ​ស្កូ​។

លោក​ថា «​រុ​ស្ស៊ី​ត្រូវ​ចាកចេញ ប្រ​សិន​វា​ជា​ឆន្ទៈ​របស់​ប្រជាជន​»​។ មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ជាង ២១៥​ពាន់​លាន​ដុល្លារ​រូប​នេះ ក៏​បាន​ស្នើ​ឱ្យ​ពិភពលោក​គួរ​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​តំបន់​គ្រី​មៀ​ជា​របស់​រុ​ស្ស៊ី​។ គ្រី​មៀ ត្រូវ​បាន​រុ​ស្ស៊ី​ដាក់​ប​ញ្ជូ​ល​ជា​ទឹកដី​របស់​ខ្លួន​ដោយ​ខុសច្បាប់​នៅ​ក្នុង​ឆ្នាំ ២០១៤​។ ការ​ស្ទង់​មតិ​របស់​លោក បង្ក​ភាព​ចម្រូងចម្រាស់​យ៉ាង​ខ្លាំង​។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​ លោក Dmytro Kuleba បាន​និយាយ​ថា អ្នក​ដែល​ស្នើ​ឱ្យ​អ៊ុយ​ក្រែ​ន​បោះបង់​ចោល​ប្រជាជន និង​ទឹកដី​របស់​ខ្លួន ត្រូវ​តែ​ឈប់​ប្រើ​ពាក្យ​សន្តិភាព ដែល​ជា​ពាក្យ​អសុរោះ ដើម្បី​អនុញ្ញាតឱ្យ​រុ​ស្ស៊ី​ស​ម្លា​ប់ និង​រំ​លោ​​ភ​បំពាន​ប្រជាជន​អ៊ុយ​ក្រែ​ន​ស្លូតត្រង់​រាប់​ពាន់​នាក់​បន្ថែម​ទៀត និង​រំ​លោ​​ភយ​ក​ដី​បន្ថែម​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង