លោក Keisuke Honda បង្ហាញផែនការសំខាន់២ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

លោក Keisuke Honda បង្ហាញផែនការសំខាន់២ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (ក្រុមធំ និងក្រុមអាយុក្រោម២៣ឆ្នាំ) បានបង្ហាញពីផែនការចំនួន ២ ដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកបានបង្ហាញផែនការដូច្នេះគឺនៅក្នុងជំនួបប្រជុំជាមួយអ្នកសារព័ត៌មាន ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Premier League Co., Ltd) ដែលមានរូបលោកផ្ទាល់ និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុន លោក Satoshi Saito។

ក្នុងឱកាសនៃជំនួបដ៏មានសារសំខាន់ ដែលមានការសន្ទនា ជជែកពិភាក្សាគ្នា លើសពីនេះក៏មានការចោទសួរសំណួរដេញដោលផ្ទាល់ជាមួយអ្នកចាត់ការទូទៅ Keisuke Honda។ ជាពិសេសទាក់ទងនឹងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ដែលជាក្រុមត្រូវត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

«វាពិតជាការប្រកួតដ៏សំខាន់សម្រាប់យើង។ ពិតណាស់ យើងនឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អតែដូចដែលអ្វីខ្ញុំបាននិយាយ យើងគួរតែយល់ថា ការប្រកួតប្រជែងនេះវាលំបាកយ៉ាងណា ប៉ុន្ដែពិតណាស់ អ្វីៗអាចកើតឡើង មិនថាទល់នឹងថៃ ឬវៀតណាម។ យើងប្រហែលជាអាចឈ្នះ ទោះបីជាមានភាគរយតិច ដូច្នេះហើយទើបបានជាយើងព្យាយាមបង្កើនភាគរយ ទោះបីជា១ភាគរយ ក៏យើងត្រូវតែប្រឹង»។ សម្ដីរបស់លោក Honda ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម។

អ្នកចាត់ការទូទៅសញ្ជាតិជប៉ុនរូបនេះ បានលើកឡើងពីផែនការទាំង២ថា ៖«យើងមានផែនការ ២ជាក់លាក់ ជាការត្រៀមសម្រាប់ស៊ីហ្គេម។ ១. គឺយើងនឹងរៀបចំជំរំហ្វឹកហាត់ក្នុង និងក្រៅប្រទេសមុនស៊ីហ្គេមឆ្នាំក្រោយ។ យើងមានពេលដើម្បីអភិវឌ្ឍជាក្រុម ទាំងផ្នែកបច្ចេកទេស តាក់ទិច និងកាយសម្បទា។ ទី២. គឺការប្រើប្រាស់កីឡាករលើសអាយុ ពិតណាស់ប្រទេសដទៃប្រើប្រាស់បែបនេះដែរ។ អ៊ីចឹងយើងនឹងជ្រើសរើសកីឡាករពិសេសៗដែលលើសអាយុទាំងនេះគឺជាអ្វីដែលយើងកំពុងធ្វើ»។
ប្រភេទកីឡាដ៏មានប្រជាប្រិយភាព (បាល់ទាត់) វិញ្ញាសាបុរស កំណត់លក្ខខណ្ឌអាយុនៃការចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គឺនៅអាយុក្រោម២២ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង