លោកជំទាវ អនហេង លក្ខិណា លើកទឹកចិត្តស្ត្រីជួបការលំបាកឲ្យរឹងមាំ ប្រឹងប្រែងតស៊ូ ដើម្បីអនាគតកូនៗ
កំពង់ចាម នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ អនហេង លក្ខិណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាមបានដឹកនាំក្រុមការងារ គ.ក.ស.ក. ខេត្ត ដោយមានការចូលរួមពីលោកជំទាវ អ៊ាត សុទ្ធី លោកជំទាវ មាន សុខនឿន សមាជិកាកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម លោកស្រី រិន ធារ៉ា និងក្រុមការងារអនុសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងកំពង់ចាម ក្រុមការងារ ស.ស.យ.ក. ក្រុងព្រមទាំងចៅសង្កាត់រងទី២ នៃសង្កាត់បឹងកុក សមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក និងសមាជិកភូមិបឹងកុកទី២ នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្ទះបាយ មួយចំនួនជូនដល់គ្រួសារជួបការលំបាកចំនួន ៣គ្រួសារ ក្នុងនោះមានស្ត្រី ៤នាក់ និងកុមារ ៧នាក់ រស់នៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ក្នុងឱកាសនោះលោកជំទាវបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ដែលតែងផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក ព្រមទាំងបានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅឲ្យស្ត្រីមានការតស៊ូ រឹងមាំពុះពារឲ្យកូនៗបានរៀនសូត្រដើម្បីកែប្រែជីវភាពនាអនាគត ។