ប្រជាពលរដ្ឋក្រីក្រ ចំនួន ៨០០គ្រួសារ មកពីស្រុកកំពង់សៀមនិងក្រុងកំពង់ចាម បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន

កំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល កម្ពុជា  ជូនប្រជាពលរដ្ឋក្រីក្រ  រងគ្រោះដោយទឹកជំនន់  ចំនួន ៨០០គ្រួសារ ក្នុងស្រុកកំពង់សៀម  និងក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅ ស្រុកកំពង់សៀម។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ  ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកទុក្ខ ព្រមដោះស្រាយទាន់ពេលវេលា។  រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានខិតខំគ្រប់លទ្ធភាព និងកៀរគរធនធានគ្រប់បែបយ៉ាង ដើម្បី ជួយដោះស្រាយជីវភាពរស់នៅ និងថែរក្សាសុខភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់ទីកន្លែងទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។ ក្នុងនោះ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយការអត់អាហារឡើយ ។

​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើក​ឡើងបន្តទៀត​ថា ក្នុងបរិបទជម្ងឺកូវីដ ១៩ អស់រយៈពេល ២ឆ្នាំ ដែលយើងពិតជាមានការលំបាកខ្លាំងណាស់ ទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺយើងបានរួមគ្នា ដើម្បី ចូលរួមទប់ស្កាត់កុំឲ្យជំងឺនោះ ឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះ ក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារនានា ដើម្បី ចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬអ្នកដែលបានឆ្លងជំងឺនោះ ផងដែរ ។ ប៉ុន្តែ ជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើង បានធូរស្រាលពីជំងឺកូវីដ ១៩ ក៏មកជួបប្រទះនឹងគ្រោះទឹកជំនន់ ។ ដូច្នេះហើយ ទើបអាជ្ញាធរ នៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ ។


ឯកឧត្ដម បានបន្តែមថា ចំពោះ បងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភ ជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែ ផងដែរ ដោយកិច្ចការនេះ រដ្ឋាភិបាលមិនទាន់បញ្ចប់ នៅឡើយទេ បើទោះបីជាបច្ចុប្បន្ននេះ ជំងឺកូវីដ ១៩ បានធូស្រាលទៅហើយក្តី ។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ ៖ ទី១.ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ ។ និងទី២.ដោះស្រាយដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាម នៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការប៉ះពាល់ដល់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។
គូសបញ្ជាក់ថា អំណោយស្បៀងអាហារ របស់រដ្ឋាភិបាលកម្ពុជា ដែលឯកឧត្ដម អភិបាលខេត្ត នាំទៅចែកជូនប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ខាងលើ ក្នុង ១គ្រួសារទទួលបាន ៖ អង្ក ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងត្រីខ ១យួរ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង