វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់បានដោះស្រាយសំណើ សំណូមពរ និងកង្វល់ ចំនួន៤០ របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ
កំពង់ចាម នាព្រឹកថ្ងៃ០៨ខែធ្នូឆ្នាំ២០២២នេះ សំណើ សំណូមពរ និងកង្វល់ ចំនួន៤០ របស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវបានដោះស្រាយទាំងស្រុង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៤ អាណត្តិទី៣ នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម សៀ សុភ័ក្រ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ ដែលពិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្ត ព្រះអណ្តូង ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ក្រុមប្រឹក្សាខេត្តកំពង់ចាម បានមានប្រសាសន៍ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផល ដែលរដ្ឋបាល ខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា ដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពី សកម្មភាពនានា របស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការឆ្លើយតបទៅ នឹងសំណើទាំងឡាយ និងបញ្ហាប្រឈមនានា ចំពោះកិច្ចការអភិវឌ្ឍមូលដ្ឋាន ដល់រដ្ឋបាលខេត្ត ធ្វើការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈាន ទៅធ្វើការកែលំអ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់ បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៌ថា ប្រការដែលយើងនាំគ្នាធ្វើពិធីជួបជុំពិភាក្សានាពេលនេះ យើងដើរតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន តាមរយៈធ្វើប្រតិភូកម្មមុខងារ ពីថ្នាក់ជាតិ មករដ្ឋបាល ថ្នាក់ក្រោមជាតិ មកឱ្យថ្នាក់ឃុំ តំណាងឲ្យថ្នាក់ស្រុក និងថ្នាក់ខេត្ត ធ្វើការសម្រេចចិត្ត ធ្វើយ៉ាងណាឱ្យប្រយោជន៍ទាំងអស់ រួមទាំងសេវាសាធារណៈ សេវារដ្ឋបាល និងសំណើសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីយកមកធ្វើការដោះស្រាយ ឆ្លើយតបឲ្យបានទាន់ពេលវេលា។ ទាំងនេះគឺជាការពង្រឹងនូវប្រសិទ្ធភាព និងគុណភាពនៃការផ្ដល់សេវា សាធារណៈនិងសេវារដ្ឋបាលជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះហើយ ទើបអាជ្ញាធរខេត្ត ត្រូវធ្វើវេទិកានេះក្នុងមួយឆ្នាំម្ដង នៅតាមបណ្ដា ស្រុក ក្រុង នឹងត្រូវអញ្ជើញចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមទៀតថា សំណើសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ អាចមានករណីខ្លះមិនអាចដោះស្រាយត្រឹមរដ្ឋបាលថ្នាក់ក្រោមជាតិនោះទេ ដូច្នេះអាជ្ញាធរខេត្ត អាចយកសំណើសំណូមពរមួយចំនួននោះ ចាត់ទុកថា ជាធាតុចូលមួយទៀត ដើម្បីយកទៅរៀបចំតាក់តែង នៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតំណាក់កាលទី២ ដែលអនុវត្តដោយ គណៈកម្មការជាតិអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា នៅក្នុងវេទិកាពិគ្រោះយោបល់ និងដោះស្រាយបញ្ហាសំណូមពរជូនប្រជាពលរដ្ឋ ដែលធ្វើឡើងអស់រយៈពេល ៣ម៉ោង សរុប មាន៤០បញ្ហា ក្នុងនោះសំណើរចំនួន១៣ សំណូមពរចំនួន២៣ និងក្តីកង្វល់ចំនួន៤ ត្រូវបានអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោះស្រាយបានទាំងអស់៕