សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសន៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព»

ត្បូងឃ្មុំ : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាបាទក្រហមខេត្ត ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសន៍ ១ ធ្នូ ២០២២ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព» ។

ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអានជូនអង្គពិធីនូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ (ធ្វើឲ្យមានសមភាព) ។

ក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ពី មោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩ ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន៖ រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំនិងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍, ធ្វើឲ្យអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ,មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ, ស្មើមុខស្មើមាត់, ពុំមានការរើសអើង ក្នុងសង្គមជាតិ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា ។

ឯកឧត្តមបណ្ឌិតបន្តថា ចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវស្វែងរកសេវាថែទាំនិងពិនិត្យផ្ទៃពោះ ឲ្យបានយ៉ាងតិច៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ ។

ឯកឧត្តមបណ្ឌិតបន្ថែមថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានផ្តាំផ្ញើដោយសូមឱ្យប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជនដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា» ។

ពិធីនេះក៏មានការប្រគល់អំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនអ្នកដែលរស់នៅជាមួយមេរោគអេដស៍ចំនួន ១៧០ នាក់ ក្នុងម្នាក់ៗទទួលបាមអង្ករ មុី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ឃីត ភួយ ក្រមា និងថវិការមួយចំនួនផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង