ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារយុវជនខេត្តបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ


( ត្បូងឃ្មុំ ) :

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារបន្តរបស់ខ្លួនឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជន នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ នៅមន្ទីរបក្សខេត្ត ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងកោតសសើរ និងអំណរគុណ ដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់ របស់គណៈចលនាមហាជន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសចូលរួមក្នុងការបំពាក់បំប៉នស្មារតី និងការជំរុញចលនាមហាជនក្នុងការរួមចំណែកដល់ការទទួលបានជ័យជម្នះរបស់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ ។
ឯកឧត្តមបណ្ឌិតបន្តថា គណៈចលនាមហាជន ជាសេនាធិការជូនគណៈកម្មាធិការកណ្តាលគណបក្ស ក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបាន ក្នុងការធានាជ័យជម្នះរបស់គណបក្ស ក្នុងគ្រប់ពេលការបោះឆ្នោត ជាពិសេសការកសាង ប្រមូលកម្លាំងគាំទ្រគណបក្ស ក្នុងចំណោមមហាជនទូទៅ ។
នាឱកាសនោះផងដែរ អង្គប្រជុំក៏បានពិភាក្សា វាយតម្លៃ និងលើកទិសដៅការងារសម្រាប់គណៈចលនាមហាជនដើម្បីបន្តបេសកកម្មរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍ជូនគណបក្ស ធានាប្រៀបឈ្នះ របស់គណបក្ស ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ ២០២៣ ខាងមុខនេះផងដែរ ៕ សុខ ផន

អត្ថបទដែលជាប់ទាក់ទង