ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ នៃការប្រកួតកីឡាប្រដាល់ « គុនខ្មែរ»
( ត្បូងឃ្មុំ ):
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍ នៃការប្រកួតកីឡាប្រដាល់ « គុនខ្មែរ» នារាត្រីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ដែលបានប្រារព្ធធ្វើឡើងនៅមុខសាលា ខេត្តត្បូងឃ្មុំ រយៈពេល៣ យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣០ – ៣១ ខែធ្នូ ឆ្នាំ ២០២២ និង ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដោយមានកីឡាករ ខ្មែរ ថៃ ឡាវ ចំនួន ៤០ រូប ធ្វើការប្រកួត ដណ្តើមពានរង្វាន់ គ្រុនខ្មែរ ។
ឯកឧត្តម បណ្ឌិត ជាម ចន្ទ័សោភ័ណ ក្នុងនាមអាជ្ញាធរដែនដីខេត្តត្បូងឃ្មុំ បានសំដែងនូវការរីករាយ ដោយមានមានកិត្តិយសវត្តមាន ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញមកចូលក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាប្រដាល់ គុនខ្មែរ ហើយជាមួយនេះក៏ឃើញមានការមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាការបង្ហាញពីការស្រលាញ់គាំទ្រ វិស័យកីឡាប្រដាល់គុនខ្មែរ ដែលកំពុងមានការរីកចំរើន ហើយជាមោទនភាពដែរនោះ គឺក្នុងរយៈប៉ុន្មានថ្ងៃមកនេះ កីឡាករខ្មែរយើងបានធ្វើការប្រកួតឈ្នះកីឡាករល្បីប្រចាំប្រទេសថៃថែមទៀតផងដែរ ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តត្បូងឃ្មុំ ដែលបានរៀបចំតុបតែង ទេសភាព ហេដ្ឋារចនាសម្ពន្ធ័ បានយ៉ាងស្រស់ស្អាត ដើម្បីចូលរួមរៀបចំបានការប្រកួត កីឡាប្រដាល់ គុនខ្មែរ នេះឡើងយ៉ាងសប្បាយរីករាយ ។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា ព្រឹត្តិការណ៍ គុនខ្មែរ នេះនឹងរៀបចំធ្វើឡើង ២៥ ខេត្ត ក្រុង ដែលមានកីឡាករប្រដាល់ ឡាវ និងថៃ មកចូលរួមប្រកួតផងដែរ ។ ទាក់ទងវិស័យកីឡាប្រដាល់ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការប្រកួត មានឈ្នះ មានចាញ់ ដូចក្រសួងអប់រំ បានលើកឡើងនៅពេលប្រឡងថា អ្នកចេះ គឺជាប់ ដូចនៅក្នុងការប្រកួតប្រដាល់នេះដែរ អ្នកពូកែ គឺឈ្នះ ហើយយើងអ្នកទស្សនាសូមទះដៃ ទោះខ្មែរយើងឈ្នះ ឬបរទេសឈ្នះក៏ដោយ ព្រោះក្នុងការប្រកួតកីឡា សំខាន់យកបច្ចេកទេស ។ ដូច្នេះសម្រាប់ការប្រកួតនេះ ក៏ជាការហ្វឹកហាត់កីឡាករខ្មែរយើង ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅចូលរួមប្រកួតក្នុងកីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះ ។
ព្រឹត្តិការណ៍ប្រដាល់ គុនខ្មែរ យប់ថ្ងៃដំបូងនេះ មានចំនួន ៧ គូ ដោយមាន- សមាសភាពគូប្រកួត:
គូមារ៉ាតុន
1. រឿង ឌីណា ប្រកួតជាមួយ ធី ម៉ានិត 54kg
2. អេលីត ផានិត ប្រកួតជាមួយ សូដា សុវណ្ណម៉ាយ54kg
ការប្រកួត 4 ទល់ 4
3. ម៉ាលី អូប៉ vs ភេតអារុន ឆឆាំពាន51kg
4. អេលីត ភក្ដី vs កុង ណាផា65.kg
5. ផ្ដាច់ព្រ័ត្រ មារ៉ាតុន
6. មុឺន មេឃា vs ឃុនអេក ឆឆាំពាន 63.5kg
7. ឈឿង ល្វៃ ប្រកួតជាមួយ សុីធឿន សុីរ៉ាវុត ទម្ងន់ 71kg
កម្មវិធីប្រដាល់នេះក៏ធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Facebook Page , Youtube Channel ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង Facebook Page ផ្លូវការផ្សេងៗទៀតផងដែរ ៕ សុខ ផន