រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបលើកទី ១៦ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទៈ” រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព”
( ត្បូងឃ្មុំ ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញក្នុងពិធីអបអរសាទរ ខួបលើកទី ១៦ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទៈ” រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព” ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំ ( គ ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាឧទ្ធរខេត្ត ឯកឧត្តម ប្រធានសាលាតំបូងខេត្ត ប្រធាន /អនុប្រធានមន្ទីរ អង្គភាពជំវិញខេត្ត អភិបាល/អភិបាលរងស្រុក/ក្រុងទាំង៧ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានថ្លែងថា ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ ២០២២ លើកទី ១៦ នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅខេត្តត្បូងឃ្មុំ និងជាការបំផុសការយល់ដឹង យ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស ក្នុងការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាពនិងការអភិវឌ្ឍជាតិ ។ ទាំងនេះ ជាការរួមចំណែកដ៏ធំធេង ក្នុងការលើក កម្ពស់សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឱ្យមានស្ថិរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ប្រកប ដោយចីរភាពតាមការគ្រោងទុក ។
ឯកឧត្តមបណ្ឌិត បានផ្តល់ជូននូវអនុសាសន៍ល្អៗ ជូនដល់បងប្អូនប្រជាពលរដ្ឋនិងប្អូនៗសិស្សានុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ ពិសេសឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ស្ថាបន័នៃកងកំលាំងទាំង៣ និងគ្រប់ស្ថាប័នពាក់ព័ន្ធរួមសហការគ្នា ជាមួយនិងអាជ្ញាធរដែនដី ដើម្បីតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានកោតសសើរដល់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នា ក្នុងការទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងរាល់បទល្មើសនានាបានទាន់ពេលវេលា និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ លើសពីនេះទៀត យើងក៏ត្រូវតែធ្វើសកម្មនេះជាប្រចាំឲ្យដូចភ្លៀងរលឹម ពីព្រោះជនទុច្ចរិត វានៅតែចាំមើលយើងដែរ ដូច្នោះយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ។ ម្យ៉ាងវិញទៀត សូមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ រួមទាំងសិស្សនុសិស្សទាំងអស់ ចូលរួមចូលរួមផ្សព្វផ្សាយអំពើជួញដូរមនុស្សនេះបន្តទៀត ឲ្យបានទូលំទូលាយ គ្រប់ទីកន្លែង យើងត្រូវចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការងាររបស់យើងទាំងអស់គ្នា ដើម្បីកុំឲ្យមានអ្នកនៅចាញ់បោកមេខ្យល់បន្តទៀត ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់កិត្តិយសបង្ហោះប៉ោងៗ ដើម្បីអបអរសាទរនៃទិវា១២ ធ្នូ និងទស្សនាសាច់រឿងអប់រំខ្នាតខ្លី ដែលសំដែងដោយប្អូនៗ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តផងដែរ ៕