អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង
(ត្បូងឃ្មុំ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអតីតលោកគ្រូ អ្នកគ្រូ ជានិវត្តន៍ជន និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
បន្ទាប់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឡើងអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់អង្គពិធីបានស្តាប់ និងជ្រួតជ្រាបយល់ពីអត្ថន័យរួចមក ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍សំណេះសំណាល ព្រមទាំងធ្វើការសំណូមពរដល់ឪពុកម្តាយ អាណាព្យាបាលសិស្សជួយលើកទឹកចិត្តអប់រំកូនចៅឱ្យខិតខំរៀនសូត្រ ឲ្យបានចប់វិទ្យាល័យ និងបន្តការសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សា ព្រោះចំណេះដឹងជាគុណតម្លៃសម្រាប់មនុស្សគ្រប់រូប សំដៅឈានទៅចូលរួមការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍសង្គមគ្រួសារ ចំណេះដឹងវាមានអត្ថប្រយោជន៍ខុសគ្នា អ្នកដែលមានចំណេះដឹងទទួលបានអត្ថប្រយោជន៍នៅក្នុងសង្គមកាន់តែខ្ពស់។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មីប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ។ ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ” ។
ឯកឧត្តមបណ្ឌិត បន្តថា មាតាបិតាឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ និងជួយពង្រឹងឱ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ៕