អភិបាលខេត្តត្បូងឃ្មុំ ផ្ដល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង និងថវិកាដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដល់សិស្សចំនួន ២៩ នាក់ ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A នៅក្នុងខេត្ត


( ត្បូវឃ្មុំ ) : ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរងខេត្ត និងមន្ទីរអប់រំខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ឆ្នាំ ២០២៣ ដែលជាប់និទ្ទេស A ចំនួន ២៩ នាក់ ។
ពិធីនេះធ្វើងឡើងនៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដល់សិស្សជាប់និទ្ទេសAទាំង២៩នាក់ ក្នុងម្នាក់១គ្រឿង ព្រមទាំងថវិកា ជាមួយគ្នានោះអាណាព្យាបាលសិស្ស និងនាយកសាលាទាំង១៣ ដែលប្អូនៗក្មួយសិក្សារៀនសូត្រ ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ ដែលទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជាការលើកទឹកចិត្តដែលសិស្សានុសិស្សៗ អាណាព្យាបាល និងនាយកសាលា ដែលតែងតែខិតខំប្រឹងប្រែងបង្រៀនដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេសAថែមទៀតនោះ ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំទាំងមូល ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា សុខសន្តិភាព គឺជាកត្តាចម្បង ដែលធ្វើឲ្យសិស្សានុសិស្សរបស់យើង មានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែ ដែលប្រឡងជាប់និទ្ទេសល្អយ៉ាងច្រើននាពេលនេះ ។
បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ ។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្រ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បន្តទៅថ្នាក់បរិញ្ញាបត្រនៅឯមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងនោះមាន៣ចំណុចសំខាន់ គឺត្រូវមានចំណេះជំនាញ ភាសា និងកុំព្យូទ័រ ក៏ដូចជាលើកទឹកចិត្តដល់សិស្សដែលប្រលងធ្លាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ ។
បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នាឆ្នាំសិក្សា២០២១-២០២២ នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនមកប្រឡងសរុប ៤,៨១០ នាក់ ក្នុងនោះស្រី ២.៧២៤នាក់ បេក្ខជនប្រឡងជាប់មានចំនួនសរុប ៣.៦២៤នាក់ ស្មើនឹង៧៥.៣៤ភាគរយ ស្រី ២,១៦០ នាក់ ស្មើនឹង៧៩.៣០ភាគរយ ។ ក្នុងនោះនិទ្ទេសA សរុបចំនួន២៩នាក់ ស្រី២១នាក់ រួមមាន ៖ ស្រុកពញាក្រែកចំនួន២នាក់ ស្រុកអូរាំងឪចំនួន៧នាក់ ស្រុកតំបែរចំនួន១នាក់ ស្រុកត្បូងឃ្មុំចំនួន៣នាក់ ស្រុកក្រូចឆ្មារ៦នាក់  ស្រុកមេមត់ចំនួន២នាក់ និងក្រុងសួងចំនួន៨នាក់។  ហើយក្នុងនោះ និទ្ទេសB សរុប២៦៨នាក់ ស្រី១៦៩នាក់ និទ្ទេសC សរុប៧៨១នាក់ ស្រី៤៨៩នាក់ និទ្ទេស D សរុប១,២៩៧នាក់ ស្រី៧៩៤នាក់ និទ្ទេស E សរុប១,២៤៩នាក់ ស្រី៦៨៧នាក់ និងបេក្ខជនប្រឡងធ្លាក់សរុប១,១៨៦នាក់ ស្រី៥៦៤នាក់ ស្មើនឹង២៤.៦៦ភាគរយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង