ពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំលោកគ្រូ អ្នកគ្រូស្ថាប័នរដ្ឋ និងឯកជនទូទាំងខេត្តត្បូងឃ្មុំ
( ត្បូងឃ្មុំ ):ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបណីយ៍កម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា ខេត្តត្បូងឃ្មុំ ។
ដែុលពិធីសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នៅ
ក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហា ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ហើយកំណែទម្រង់ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំធេងក្នុងវិស័យអប់រំ ។
ឯកឧត្តមបន្តថា ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះ បង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងចំណេះជំនាញច្បាស់លាស់ពិតប្រាកដ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាព ពួកគាត់ឱ្យបានល្អប្រសើរមួយកម្រិតថែមទៀតផងដែរ ។
ក្នុងនោះផងដែរឯកឧត្តម បានថ្លែងអំណគុណដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី ២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ ពេញពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់ ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ថែមទៀត ។
ឯកឧត្តមបានបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ នាំមកនូវសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ ដោយបានដាក់ចេញនយោបាយ ឈ្នះ ឈ្នះ ជាមួយនឹងការយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ចំនួន ៣ រួមមាន ទី ១ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងពេលធ្វើសមាហរណកម្ម ទី ២ រក្សាអាជីព និងមុខរបរប្រជាពលរដ្ឋឲ្យនៅដដែល និងទី ៣ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់ប្រជាពលរដ្ឋ ដោយគ្មានការរឹបអូស ហើយអាចឈរជើងរស់នៅ និងប្រកបការងារជាធម្មតា នៅទីតាំងនោះបាន លក្ខខណ្ឌទាំង ៣ នេះហើយ នាំឲ្យប្រទេសជាតិមានសុខសន្តិភាព មកដល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា សមធម៌ សមភាព និងយុត្តិធម៌សង្គម ជាមូលដ្ឋាននៃសាមគ្គីភាពប្រជាជាតិទាំងមូល ៕ សុខ ផន