សម្តេចតេជោ ហ៊ុន សែន ដើរជួរមុខជានិច្ច ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ និងមានមហិច្ឆតា ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ ទេ មហិច្ឆតារបស់សម្តេច ចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនក្នុងខណ្ឌកំបូល ចំនួន ១.២០០នាក់ នៅក្នុងបរិវេណសួនកុមារ បុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល។
ឯកឧត្ដម ឃួ ង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
ឯកឧត្ដមបញ្ជាក់ថា ចំណូលកម្រិតខ្ពស់នេះ គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ពោលគឺអ្នកមានការងារធ្វើមានប្រាក់ខែខ្ពស់ ដូចអរិយប្រទេសនៅលើពិភពលោក ហើយអ្នកគ្មានការងារធ្វើក៏មានប្រាក់ខែទ្រទ្រង់សង្គមផងដែរ។
ឯកឧត្ដមបន្តថា ការសម្រេចចិត្តរបស់ក្មួយៗ ពិតជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយក្មួយៗបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ហើយគណបក្សប្រជាជន ហ៊ានសន្យា ហ៊ានធ្វើ។ យើងដាច់ខាតត្រូវការពារសន្តិភាពឱ្យបានគង់វង្ស មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនបាន។ អាចការពារសន្តិភាពបានមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ ឯកឧត្ដមសូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស ឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត។
លោកជំទាវ កិត្តិបណ្ឌិតអ៊ឺង កន្ថាផាវី សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌកំបូល ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យក្រុមការងារចុះមកបំពេញការងារនៅក្នុងមូលដ្ឋាន ដើម្បីឱ្យគណបក្សមានភាពរឹងមាំ ។លោកជំទាវរំពឹងថា សមាជិកថ្មី នឹងជួយផ្សព្វផ្យាយគោលនយោបាយរបស់បក្ស ដើម្បីឱ្យប្រជាពលរដ្ឋបានជឿជាក់ មកលើបក្សប្រជាជនរបស់យើង ពិសេសពន្យល់ពួកគាត់ឱ្យយល់ពីតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេស បើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វីទាំងអស់ កុំឡើយអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង។ ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង្ស។យើងត្រូវការពារបក្សរបស់យើង ត្រូវប្រតិកម្មតបតជាមួយ ការមួលបង្កាច់ បង្ខូច គណបក្សយើង ដោយយកការពិតមកបកស្រាយដើម្បីបន្សាបព័ត៌មានអកុសលទាំងអស់នោះវិញ ។ យើងស្រឡាញ់គណបក្សប្រជាជន យើងត្រូវការពារឱ្យបានដាច់ខាត ផលប្រយោជន៍របស់គណបក្ស ដោយការពារដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោយសារយុវជនរបស់យើងសម័យនេះ ពូកែខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ។
លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិកាគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍អំពីការងារ កសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង និងសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ។ ដោយមើលឃើញពីការដឹកនាំដ៏ឆ្លាតវៃនេះ ទើបនាំឱ្យក្រុមយុវជនស្ម័គ្រចូលរួមជាសមាជិកបក្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ តំណាងសមាជិកថ្មីទាំង១២០០នាក់ ក៏បានឡើង មានមតិប្តេជ្ញាចិត្ត ដោយប្តេជ្ញាចិត្តថា នឹងដើរតាមគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ៕ អត្ថបទ៖ វិទ្យុជាតិកម្ពុជា