សន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង អាណត្តិទិ២ និងទិសដៅអនុវត្តបន្ត
(ស្វាយរៀង): នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការ ក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធិបតីក្នុង សន្និបាតបូកសរុបលទ្ធផល ការងារក្រុមប្រឹក្សាគណៈឱសថការីខេត្តអាណត្តិទី២ និងទិសដៅ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គណៈឱសថការីខេត្តស្វាយរៀង អាណត្តិទី៣ បានប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្ដ។
លោក អៀ ចន្ទ័និមល ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង បានបញ្ជាក់នៅក្នុងរបាយការណ៍ថា: នៅក្នុងខេត្តស្វាយរៀងមានឱសថស្ថាន និងឱសថស្ថានរងសរុបចំនួន៥៣កន្លែង ក្នុងនោះឱសថស្ថានចំនួន៤៤កន្លែង គ្រប់គ្រងដោយឱសថការីឧត្តម និងឱសថស្ថានរង ក ចំនួន៨កន្លែង គ្រប់គ្រងដោយឪសថការីមធ្យម និងឱសថការីឱសថស្ថានរង ខ ចំនួន១កន្លែង គ្រប់គ្រងដោយមន្ត្រីសុខាភិបាលចូលនិវត្ត។ ហើយរយៈពេលកន្លងមក គណៈឱសថការីខេត្តបានធ្វើការចេញអាជ្ញាប័ណ្ណដល់ឱសថការីដំបូងជូនសមាជិកគណៈឱសថការីបានចំនួន៦៥នាក់ និងបន្តអាជ្ញាប័ណ្ណឱសថការីបាន៣៩នាក់។
លោក អៀ ចន្ទ័និមល បានបញ្ជាក់បន្ថែមថា: កន្លងមក គណៈឱសថការីខេត្តស្វាយរៀង បានដើរតួនាទីជានគរបាល យុត្តិធម៌ក្នុងការចុះបង្ក្រាបឱសថក្លែងក្លាយ ឱសថហួសកាលបរិច្ឆេទនៅតាមឱសថស្ថាន ឱសថស្ថានរងនានា និងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍នៅក្នុងសន្និបាតឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានធ្វើការកោតសរសើរដល់មន្ទីរសុខាភិបាលខេត្ត ពិសេសក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀង ដែលបានរួមសហការជាមួយអាជ្ញាធរដែនដីមូលដ្ឋាននានា ក្នុងខេត្តស្វាយរៀង ដើម្បីចុះបង្ក្រាបនិងលុបបំបាត់ឱសថក្លែងក្លាយនៅតាមឱសថស្ថាន ព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយដល់ឪសថការីក្នុងការធ្វើអាជីវកម្មវិស័យសុខាភិបាលត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការផ្ដាំផ្ញើដល់ឱសថការីដែលបានបើកឱសថស្ថាននានានៅគ្រប់ទីកន្លែងក្នុងខេត្ត ស្វាយរៀង ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយចំពោះឪសថការីណាពុំទាន់ មានអាជ្ញាប័ណ្ណត្រូវធ្វើអាជ្ញាបណ្ណ ព្រមទាំងរួមគ្នាលុបបំបាត់នូវឪសថក្លែងក្លាយដែលឪសថក្លែងក្លាយធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទៅទិញឱសថយកទៅប្រើប្រាស់។
នៅចុងបញ្ចប់នៃសន្និបាតបូកសរុបការងារនេះ ក្នុងឱកាសនោះឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រគល់លិខិតខ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណៈ ឱសថការីខេត្តស្វាយរៀងផងដែរ៕ ដោយ:33