បើកវគ្គផ្សព្វផ្សាយ ស្ដីពីការងារគ្រប់គ្រងហត្ថពលកម្មបរទេសការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពី អន្តោប្រវេសន៍ ជូនសហគ្រាស គ្រឹះស្ថាននានាក្នុងខេត្តស្វាយរៀង
(ខេត្តស្វាយរៀង): ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តមអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ស្ដីពីការងារ គ្រប់គ្រងហត្ថពលកម្មបរទេស ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ជូនសហគ្រាស/គ្រឹះស្ថាននានាក្នុងខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត ស្ថិតក្នុងស្រុកស្វាយទាប។
ពិធីនេះក៏មានការចូលរួមផងដែរពីសំណាក់លោកប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត លោកស្នងការរងនគរបាលខេត្តលោក-លោកស្រី មន្រ្តីរាជការ លោក.លោកស្រី នាយក និងតំណាងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានានា ជាច្រើនរូបទៀត។
លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត បានមានប្រសាសន៍ឲ្យដឹងថា: ការបើកវគ្គផ្សព្វផ្សាយនាពេលនេះគឺមានគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងជនបរទេសដែល មកប្រកបរបរ និងបំរើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តស្វាយរៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន សំដៅកាត់បន្ថយជាអតិមរិមា និងឈានទៅរកការលុបបំបាត់នូវការប្រើប្រាស់ហត្ថពលកម្មបរទេស មិនស្របច្បាប់ នៅតាមគោលដៅ ឬទីតាំងអាជីវកម្មនានា និងដើម្បីរួមចំណែក ក្នុងការគាំទ្រដល់ផែនការ
ប្រតិបត្តិការ បង្កើនការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកំលាំងពលកម្ម និងអាជិវកម្មផ្លូវភេទ បទល្មើសពាក់ពន្ធ័ល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រពន្ធ័អណឡាញ បទល្មើសគ្រឿងញៀន បទល្មើសសំអាតប្រាក់ ឫបទល្មើសផ្សងៗទៀតសំដៅចូលរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់សង្គម។
នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តបានមានប្រសាសន៍ថា: ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រ ដល់ផែនការសកម្មភាពក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដែលរៀបចំដោយគណៈកម្មការ អន្តរក្រសួងនិងសូមជំរុញលើកទឹកចិត្តដល់ក្រសួងស្ថាប័នគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីខេត្តនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តផែនការសកម្មភាពនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអំពាវនាវ ដល់កម្មករនិយោជិតបរទេសនិយោជកនៃរោងចក្រសហគ្រាស មូលដ្ឋានអាជីវកម្មនិងអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ។
ឯកឧត្តមបន្តថា: ជាមួយគ្នានេះក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ស្នងការនគរបាលខេត្ត ត្រូវតាមដានដំណើរឲ្យបានត្រឹមត្រូវតាមប្រព័ន្ធគោលការណ៍ និងនីតិវិធីកំណត់ប្រកបដោយតម្លាភាព គណនេយ្យភាពនិងត្រូវធានារក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងមិនត្រូវធ្វើឲ្យប៉ះពាល់ឬរំខាន ដល់ដំណើរការផលិតកម្ម អាជីវកម្មស្របច្បាប់របស់រោងចក្រសហគ្រាសនិងមូលដ្ឋានអាជីវកម្មនានានោះឡើយ។
សូមបញ្ជាក់ផងដែរថា: ក្នុងឆ្នាំ២០២២កន្លងទៅនេះ មន្ទីរបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍,ស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសតាមបណ្តា សហគ្រាសគ្រឹះស្ថាននានាក្នុងខេត្ត សម្រេចបានលទ្ធផលបានចុះធ្វើអធិការកិច្ចតាមសហគ្រាសនានាក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លើសហគ្រាស/គ្រឹះស្ថានសរុប១៩២កន្លែង ដែលមានកម្មករនិយោជិតខ្មែរ សរុប៨៨.៩៦៧នាក់ ស្រី៥៣.៩៩៥នាក់ និងមានជនបរទេសសរុប ចំនួន២៦៧០នាក់ ស្រី៦៤២នាក់ មាន១៧សញ្ជាតិ មានដូចជា៖ វៀតណាម / ចិន / កូរ៉េខាងត្បូង / តៃវ៉ាន / ហ្វីលីពីន / ជប៉ុន / ម៉ាឡេស៊ី / សាំងហ្គាពួរ / បង់ក្លាដេស / ឥណ្ឌូនេស៊ី / នេប៉ាល់ / មីយ៉ាន់ម៉ា / អាព្រិចខាងត្បូង / អាឡឺម៉ង់ / ប៉ាគីស្ថាន / រុស្សី / ឡាវ។
ក្នុងការចុះធ្វើអធិការកិច្ចមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានសម្រេច
ផាកពិន័យចំពោះសហគ្រាស ដែលមិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារចំនួន០៣សហគ្រាស ដោយប្រមូលបានថវិកា សរុបចំនួន៣២.៧៦០.០០០រៀល(សាមសិបពីលាន ប្រាំពីរហុកពាន់រៀលគត់)។ ចំពោះថវិកានេះ បានបង់ចូលជាថវិការដ្ឋ តាមនីតិវិធីរួចរាល់ហើយ៕ដោយ:33